ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង ឆ្នាំ២០២២ នៅស្រុកបូទុមសាគរ
December 01, 2022 អ្នកទស្សនា :

ថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង ឆ្នាំ២០២២ នៅស្រុកបូទុមសាគរ។

ឯកឧត្តមប្រធាន បានលើកឡើងថា ការប្រារព្ធឡើងនូវវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាឱកាសនេះ គឺជា ការអនុវត្តតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យ ស្ដីពីតួនាទីភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ក្រុមប្រឹក្សា គណៈអភិបាលស្រុក នៅ មាត្រា៦៥ និង១២១ ដែលបានចែងថា នៅក្នុងអំឡុងខែមិថុនានៃឆ្នាំនីមួយៗ ក្រុមប្រឹក្សាក្រុង ស្រុក ត្រូវរៀចំឱ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមឃុំ សង្កាត់នានាក្នុងក្រុង ស្រុករបស់ខ្លួន និងនៅមាត្រា៩ បានចែងថា ក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ ក្រុមប្រឹក្សាខេត្តត្រូវរៀបចំឱ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមក្រុង និងបណ្តាស្រុកនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាស្រុកបូទុមដាគរ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ខ្លួននៅតាមឃុំរួចរាល់ហើយ និងបានទទួលយកនូវសំណើ និងសំណូមពរមួយចំនួន ដើម្បីយកមកដោះស្រាយ និងឆ្លើយតបសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នាឆ្នាំ២០២២នេះ គឺជាវេទិកាឆ្នាំទី៣ នៅក្នុងអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដែលរៀបចំឡើងនៅតាមបណ្តាក្រុង ស្រុក នៃខេត្តកោះកុង ក្នុងគោលបំណងផ្ដល់ពត៌មាន ជូនដល់ប្រជាពលរដ្ឋទូទៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលក្រុង ស្រុក និងដើម្បីធានាថា៖

១-រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ធ្វើការដោះស្រាយ និង ឆ្លើយតបបានយ៉ាងល្អប្រសើរ
២-គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលក្នុងដំណើរការ នៃកិច្ចពិភាក្សាស្វែងរកនូវបញ្ហា ដើម្បីធ្វើឱ្យស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ ទន្ទឹមនឹងនេះក្រុមប្រឹក្សាខេត្ត នឹងបង្កើតបាននូវវប្បធម៌ នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យ ភាពតាមបែបប្រជាធិបតេយ្យរបស់ខ្លួនតាមរយៈ ៖
-ការផ្ដល់ព័ត៌មាន ជូនប្រជាពលរដ្ឋនូវសមិទ្ធផល ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា
-ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីគម្រោងអាទិភាព នៃការងារអភិវឌ្ឍរបស់ក្រុមប្រឹក្សាខេត្តសម្រាប់ឆ្នាំខាងមុខ
-ផ្តល់ឱកាសជូនប្រជាពលរដ្ឋ ដើម្បីពិភាក្សាលើរបាយការណ៍របស់ក្រុមប្រឹក្សាខេត្ត
-ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតបត្រឡប់ទៅវិញ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកានៃអង្គមេទិកាទាំងមូល ជាទីមេត្រី! វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ គឺជាការផ្ដល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលស្រុក រដ្ឋបាលឃុំ សង្គមស៊ីវិល វិស័យឯកជន ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ការប្រឹក្សាយោបល់អំពីអាទិភាពនៃការអភិវឌ្ឍខេត្ត សំដៅធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ឆ្លងតាមការពិភាក្សា និងពិគ្រោះយោបល់ជាមួយគ្នាតាមប្រធានបទខាងលើរួចមកយើងបានរកឃើញ នូវបញ្ហាសំខាន់ៗជាអាទិភាពសម្រាប់ឱ្យរដ្ឋបាលខេត្ត យកមកពិចារណា ធ្វើការកែទម្រង់ក្នុងការផ្តល់សេវានានារបស់ខ្លួន និងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម សំដៅធ្វើយ៉ាងណាលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្តកោះកុង ឱ្យកាន់តែល្អប្រសើរឡើង។ ការចូលរួមមតិយោបល់របស់អស់លោក លោកស្រីនាថ្ងៃនេះ វាជាកញ្ចក់មួយដើម្បីធ្វើការឆ្លុះបញ្ចាំង នូវចំណុចខ្វះខាតដែលរដ្ឋបាលខេត្តយើងបាន អនុវត្តកន្លងមក ដើម្បីយកមកធ្វើការពិចារណា និងកែលំអឡើងវិញឱ្យស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។ ឆ្លងតាមរយៈវេទិកានាថ្ងៃនេះ ខ្ញុំសង្កេតឃើញថា មានការចូលរួមយ៉ាងសកម្មពីសំណាក់ ឯកឧត្តម លោកជំទាវ បណ្ឌិត លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ក្នុងការលើកឡើងនូវមតិយោបល់ ក៏ដូចជាសំណូមពរផ្ទាល់មាត់ និងសំណូមពរជាលាយលក្ខណ៍អក្សរ មានដូចខាងក្រោម ៖
១.សំណួរ និងសំណូមពរផ្ទាល់មាត់ មានចំនួន ២០
២.សំណួរ និងសំណូមពរ ជាលាយលក្ខណ៍អក្សរមានចំនួន ១០។
ខ្ញុំសូមជម្រាបជូន គណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ឱ្យបានជ្រាបផងដែរថា សំណួរ និងសំណូមពរមួយចំនួន អាជ្ញាធរពាក់ព័ន្ធបានធ្វើការបំភ្លឺ និងដោះស្រាយជូនរួចហើយ។

ដូច្នេះក្នុងនាមក្រុមប្រឹក្សខេត្តកោះកុង ខ្ញុំសូមធានាថា នឹងយកសំណួរ និងសំណូមពរដែលនៅសេសសល់ទាំងប៉ុន្មានយកទៅដាក់ជូនគណៈអភិបាលខេត្ត ដើម្បីពិនិត្យដោះស្រាយ ព្រមទាំងផ្តល់នូវព័ត៌មានត្រឡប់ ជូនដល់លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋវិញតាមរយៈក្រុមប្រឹក្សា គណៈអភិបាល ច្បាស់លាស់ជូនជ្រាប ជាក្រោយ នៅពេលដែលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅតាមក្រុង ស្រុកទាំង០៧ ត្រូវបានបញ្ចប់ នឹងធានាថា រាល់មតិយោបល់ សំណួរ សំណូមពរទាំងអស់ នឹងយកមកពិនិត្យ និងពិចារណាជាអាទិភាព ក្នុងការដាក់បញ្ចូលទៅក្នុងគម្រោងផែនការអភិវឌ្ឍរបស់ខេត្ត ដើម្បីធានាការផ្តល់សេវាសាធារណៈ និងលើកកម្ពស់គុណភាព ជីវភាពរស់នៅរបស់បងប្អូនឱ្យកាន់តែល្អប្រសើរឡើង៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ