នារសៀលថ្ងៃអង្គារ ០២រោច ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកស្រី ទី យិតហាន ជាអភិបាលរងស្រុកជីក្រែង។
ពិធីប្រកាសនេះ លោក ពៅ ពិសិដ្ឋ ក៏បានលើកឡើងថា ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធីបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន។
លោក ពៅ ពិសិដ្ឋ ក៏បានលើកឡើងថា នេះជាប្រពៃណីរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការនៃរាជរដ្ឋាភិបាល ពុំមានអ្វីដែលថ្មី និងប្លែកនោះទេ តែសំខាន់នោះ គឺចរន្តនៃការងាររដ្ឋបាលពុំមានការប្រែប្រួល ដោយរដ្ឋបាលស្រុក ត្រូវតែបន្តនិរន្តរភាពការងារបន្តទៀត ដោយប្រមូលផ្តុំកម្លាំងសរុបសំដៅជម្រុញ បង្កើននូវប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រងរដ្ឋបាលស្រុកឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការបម្រើនូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ៕ រតនា
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប