រដ្ឋបាលខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាល ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដល់អាជ្ញាធរនៅតាមមូលដ្ឋាន
August 14, 2019 អ្នកទស្សនា :

     នាព្រឹកថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប មាន​បើក​វគ្គបណ្តុះបណ្តាល ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនដល់មេឃុំ ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទូទាំងខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង  លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមាន​ការចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន, ព្រះរាជអាជ្ញារង,ស្នងការរង ,លេខាធិការដ្ឋាន ,ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរ​ក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសរុប ១១០នាក់។
     លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងផងដែរថា ខេត្តសៀមរាប​មិន​មែន​មូលដ្ឋាននៃការផលិតគ្រឿងញៀននោះទេ តែជាកន្លែងកំពុងទទួលរងឥទ្ធិពលនៃការធ្វើចរាចរ គ្រឿង​ញៀនឆ្លងកាត់ទាំងក្នុងនិង ក្រៅប្រទេស ដែលបង្កបញ្ហាស្មុកស្មាញជាច្រើនលើការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់និង ការអភិវឌ្ឍន៍សង្គម។
     ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានគូសបញ្ជាក់ថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាសកល និងជា​ឧក្រិដ្ឋកម្មឆ្លងដែន ដែលឈានទៅបង្កមហន្តរាយយ៉ាងធំធេងដល់ប្រជាពលរដ្ឋ គ្រួសារ សហគមន៍ និងសង្គម​ជាតិទាំងមូល។ ក្នុងនោះធ្វើឲ្យប្រជាពលរដ្ឋ និងយុវជនយើងដែលជាមូលដ្ឋានគ្រឹះនៃធនធាន​មនុស្សមួយ​ចំនួន​បានធ្លាក់ខ្លួនទៅជាអ្នកញៀន និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម រហូតមានការប្រើអំពើហិង្សា​បំផ្លិចបំផ្លាញ​ទ្រពសម្បត្តិ បាត់បង់នូវកិត្តិយសគ្មានសុភមង្គល និង ក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរសម្រាប់គ្រួសារ សហគមន៍ និង​សង្គម​ជាតិទាំងមូល។ ម៉្យាងទៀត ប្រទេសកម្ពុជាក៏ដូចបណ្តាប្រទេសក្នុងតំបន់ នៅតែប្រឈមជាមួយ​នឹងបញ្ហា​គ្រឿងញៀន ទាំងការចរាចរឆ្លងកាត់ ប្រើប្រាស់ និងការជួញដូរ ដែលកើតឡើងគួរឲ្យព្រួយបារម្ភ។ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ពុទ្ធិគន្លឹះជាដើមទុន និង ជាមូលដ្ឋានគ្រឹះដល់ថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តច្បាប់គ្រប់ជាន់ថ្នាក់នៅមូលដ្ឋាន ដើមី្បឈានទៅ​បន្តស្វែង​យល់​បន្ថែមលើច្បាប់ និងលិខិតគតិយុត្តនានាជាធរមាន ក៏ដូចជាការបង្កើនឆន្ទះ និងភាពម្ចាស់ការរបស់ថ្នាក់​ដឹកនាំ​ទាំង​កម្រិតជំនាញ និងបច្ចេកទេសក្នុងការអនុវត្តការងារប្រចាំថ្ងៃ និងការកែទម្រង់ច្បាប់ ការអនុវត្តគោល​នយោបាយ ភូមិឃុំមានសុវត្ថិភាព និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល។ ឯកឧត្តមក៏មានសង្ឃឹមយ៉ាងមុតមាំថាវគ្គបណ្តុះបណ្តាល នេះ សិក្ខាកាមទាំងអស់និងបានធ្វើការពិភាក្សា និង ចែករំលែកបទពិសោធន៍ ដើមី្បប្រមូលផ្តុំពុទ្ធិថ្មីៗ នឹងទទួលបាននូវចំណេះដឹង បទពិសោធន៍ថ្មីៗ ដើមី្បយកទៅអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួននៅតាមមូលដ្ឋានរបស់ខ្លួន។
     សូមបញ្ជាក់ថា ក្នុងរយៈពេល០៦ខែដើមឆ្នាំ២០១៩នេះ លើការងារទប់ស្កាត់បង្រ្កាបបទ​ល្មើសគ្រឿងញៀន​នៅទូទាំងខេត្តមាន ២៤២ករណី និង ធ្វើការឃាត់ខ្លួនជនសង័្សយបាន ចំនួន ៦៩០នាក់ ស្រី៥០នាក់ ព្រម​ទាំងបានដកហូត វត្ថុតាងគ្រឿងញៀន សរុប ៧គីឡូក្រាម៩៥,២៩ក្រាម។ ក្នុងនោះជនរងគ្រោះដោយ​សារគ្រឿង​ញៀនត្រូវបញ្ជូនទៅអប់រំ ព្យាបាល និងស្តារនីតិសម្បទា នៅមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកគ្រឿងញៀន​នៃស្នង​ការនគរបាលខេត្តក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ មានចំនួន៦៨០នាក់ ស្រី៣១នាក់ និងបានធ្វើសមាហរណកម្ម​ទៅ​រស់នៅក្នុងសហគមន៍វិញបានចំនួន ៤៧០នាក់ ស្រី២៤នាក់ និងកំពុងព្យាបាល ២១០នាក់ និងការព្យាបាល អប់រំ ស្តារនីតិសម្បទាដោយផ្អែកលើសហគម មានអ្នកមកទទួលសេវា សរុប ៦៨នាក់ ក្នុងឆមាសទី១ ឆ្នាំ២០១៩ ព្រមទាំងធ្វើការផ្សព្វផ្សាយ អប់រំ អំពីខ្លឹមសារប្រយុទ្ធប្រឆាំងគ្រឿងញៀន សរុប ១ពាន់៥០០លើក មានអ្នក​ចូល​រួម៧៦ពាន់៥៦៥នាក់ ស្រី ៤៦ពាន់៤៧៦នាក់ និង អនុវត្ត វិធានការរដ្ឋបាល ចំពោះអ្នកបើកបរយានយន្ត ចំនួន១៦លើក ស្មើ ៣៨៩នាក់ លទ្ធផលវិជ្ជមាន មាន៤២នាក់ បានបញ្ជូន ទៅមជ្ឈមណ្ឌលស្តារ​នីតិសម្បទា​អ្នកគ្រឿងញៀនខេត្តផងដែរ៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ