ខេត្តកណ្ដាលជំរុញឲ្យបណ្ដាមន្ទីរ និងអង្គភាពក្រុង-ស្រុកខិតខំពិនិត្យពិចារណាលើគម្រោងនានាបានច្បាស់លាស់ដើម្បីការអភិវឌ្ឍនៅមូលដ្ឋាន
November 22, 2019 អ្នកទស្សនា :

      អភិបាលខេត្តកណ្ដាល ណែនាំដល់មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធនានា ពិនិត្យពិចារណាលើតម្រូវការគម្រោងអាទិភាព ដើម្បីបញ្ជូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តដោយស្របតាមស្ថានភាពជាក់ស្ដែងរបស់មូលដ្ឋាន។     

      ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ដូច្នេះ នៅក្នុងកិច្ចប្រជុំចាត់អាទិភាពតម្រូវការគម្រោងនៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២០-២០២២ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តកណ្ដាល។

      ឯកឧត្តមបន្តថា រាល់សំណើរគម្រោងទាំងឡាយណាដែលបានលើកឡើងដោយមន្ទីរ ក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យសមស្របតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់ក្នុងសៀវភៅណែនាំបច្ចេកទេស ឲ្យបានត្រឹមត្រូវ។ ដោយឡែក ចំពោះសំណើរការកសាងផែនការអភិវឌ្ឍន៍ឆ្នាំ២០២០-២០២៤ របស់រដ្ឋបាលខេត្តណាល ឯកឧត្តមអភិបាលបានជំរុញ ដល់មន្ទីរអង្គភាព ក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ កំណត់បញ្ហា មូលហេតុ និងរិះរកមធ្យោបាយដើម្បីដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព ឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីរួមចំណែកអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រឲ្យកាន់តែប្រសើរឡើង។ 

      ក្នុងឱកាសនោះ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់បណ្ដាមន្ទីរអង្គភាព ក្រុង-ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវកំណត់គោលនយោបាយ និងតួនាទីរបស់ខ្លួនឲ្យបានច្បាស់លាស់ ត្រូវអនុវត្តតាមនីតិវិធីដែលថ្នាក់ជាតិបានណែនាំមិនត្រូវរំលងសកម្មភាពណាមួយឡើយ ពិសេសត្រូវចូលរួមគ្រប់សកម្មភាពក្នុងដំណើរការនៃការកសាងកម្មវិធីវិនិយោគ និងផែនការអភិវឌ្ឍន៍ខេត្ត ដោយផ្ដល់ព័ត៌មានឲ្យបានទាន់ពេលវេលា ដើម្បីជួយធ្វើឲ្យដំណើរការនេះប្រព្រឹត្តិទៅស្របតាមប្រតិទិនការងារដែលបានគ្រោងទុក។

      សូមជម្រាបថា បើយោងតាមរបាយការណ៍របស់មន្ទីរផែនការខេត្តកណ្ដាល គម្រោងសកម្មភាពអាទិភាពសម្រាប់កម្មវិធីវិនិយោគរបស់ខេត្តមានសរុបចំនួន២៦៦ គម្រោង ក្នុងនោះផ្នែកសេដ្ឋកិច្ចមានចំនួន១៤៨ គម្រោង ផ្នែកសង្គមកិច្ចមានចំនួន ៨៦ គម្រោងផ្នែកប្រើប្រាស់ដីធ្លី និងគ្រប់គ្រងធន់ធានធម្មជាតិមានចំនួន ១៣ គម្រោង  និងផ្នែករដ្ឋបាលសន្តិសុខមានចំនួន ១៩ គម្រោង។ ហើយចំពោះ គម្រោងសកម្មភាពអាទិភាពសម្រាប់កម្មវិធីវិនិយោគរបស់ក្រុង-ស្រុក មានសរុបចំនួន ២០៤ គម្រោង ដែលក្នុងនោះផ្នែកសេដ្ឋកិច្ចមានចំនួន ៩៣គម្រោង ផ្នែកសង្គមកិច្ចមាន ៥០ គម្រោង ផ្នែកប្រើប្រាស់ដីធ្លី និងគ្រប់គ្រងធនធានធម្មជាតិមានចំនួន ៣៤ គម្រោង និងផ្នែករដ្ឋបាលសន្តិសុខមានចំនួន ២៧ គម្រោង៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ