វេទិកាអប់រំផ្សព្វផ្សាយជាមួយប្រជាពលរដ្ឋ ស្ដីពីការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ
February 18, 2020 អ្នកទស្សនា :

      ស្ត្រីមានតូនាទីសំខាន់ក្នុងការ ថែរក្សាប្រពៃណី ទំនៀមទំលាប់ ដ៏ផូផង់របស់ខ្មែរ ដើម្បីរក្សាកិត្តិយស កេរិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូររបស់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។

      លោកស្រី ហ៊ុន កុសនី អភិបាលរងខេត្ត លើកឡើងបែបនេះ ក្នុងឱកាសលោកជំទាវអញ្ជើញជាអធិបតី ក្នុងវេទិកាអប់រំផ្សព្វផ្សាយជាមួយប្រជាពលរដ្ឋ ស្ដីពីការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅវត្តសុវណ្ណវតី ហៅវត្តព្រែកតាមាក់ ស្ថិតក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុក សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជាង៥០០នាក់។

      លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត បន្តថា ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី  និងគ្រួសារខ្មែរ គឺជាវេទិកាដ៏សំខាន់មួយ ដែលប្រកាន់ភ្ជាប់ពីតម្លៃសីលធម៌ សុជីវធម៌ អរិយធម៌ដ៏ផូផង់ ដ៏វិសេសវិសាល ដែលបានបន្សល់ទុកពីបុព្វបុរសយើង នូវមរតកដ៏ថ្លៃថ្លា សម្បូបែបដល់កូនចៅជំនាន់ក្រោយ។ ហើយការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី  និងគ្រួសារខ្មែនាពេលនេះ ក៏ជាការជំរុញការផ្សព្វផ្សាយ លើកកម្ពស់មនសិការ និងស្មារតីចូលរួម និងទទួលយកនូវចំណេះដឹង សំដៅជំរុញការគោរព ថែរក្សា អភិរក្ស ដើម្បីសាមគ្គីភាព ឯកភាពជាតិ សុខដុមរមនា និងភាពសុខសាន្តរបស់សង្គមជាតិ។

      លោកស្រី បន្ថែមថា វេទិកាអប់រំផ្សព្វផ្សាយនៅពេលនេះ មានគោលបំណង បំផុសស្មារតីឱ្យប្រជាពលរដ្ឋ សិស្សានុសិស្សឱ្យចេះអប់រំខ្លួនឯង យល់ដឹងកាន់តែច្បាស់ពីតម្លៃពិត នៃទំនៀមទំលាប់ វប្បធម៌ ប្រពៃណី សីលធម៌ សុជីវធម៌ ដ៏ល្អផូរផង់របស់ខ្មែរយើង ហើយក៏មិនចង់ឃើញប្អូនៗយុវវ័យ សិស្សានុសិស្ស និងប្រជាពលរដ្ឋខ្មែរយើងមួយចំនួន មានការភ្លើតភ្លើនហួសហេតុ នាំឱ្យប្រាសចាកពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងសីលធម៌សង្គម។ តួយ៉ាងដូចជា ថ្ងៃ១៤ កុម្ភៈ ទិវានៃក្ដីស្រលាញ់ កន្លងមកនេះបានធ្វើឱ្យប្អូនៗយុវជនមួយចំនួន មានការភ័ន្តច្រឡំ ចំពោះអត្ថន័យទិវានៃក្ដីស្រលាញ់ ១៤កុម្ភៈ និងប្រើប្រាស់ថ្ងៃនេះ ដើម្បីប្រព្រឹត្តិសកម្មភាពពុំគប្បី ប្រាសចាកសីលធម៌ ដែលនាំឱ្យមានផលប៉ះពាល់ ជាអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ដ៏ផូរផង់របស់ខ្មែរយើង។

      លោកស្រី ជុំ ស៊ីណាត ប្រធាមន្ទីរកិច្ចការនារីខេត្តកណ្ដាល បានឱ្យដឹងថា វេទិការផ្សព្វផ្សាយនេះ គឺដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសយុវជន គួរពិចារណានូវអ្វីដែលគួរតែធ្វើសម្រាប់ខ្លួនឯង ក្រុមគ្រួសារ ក្នុងទិវានៃក្ដីស្រលាញ់ តាមរយៈការផ្ដល់តម្លៃ ឱ្យគ្នាទៅវិញទៅមក ក្នុងអត្ថន័យចែករំលែកក្ដីស្រលាញ់ ប្រកបដោយកតញ្ញូតាធម៌ ដឹងគុណ សេចក្ដីថ្លៃថ្នូរ និងទំនួលខុសត្រូវខ្ពស់ និងគួរប្រកាន់ភ្ជាប់នូវសីលធម៌ ប្រពៃណី និងទំនៀមមទំលាប់ខ្មែរ ឱ្យបានខ្ជាប់ខ្ជួន សាកសមជាកុលបុត្រ កុលធីតាខ្មែរ ជាទំពាំងស្នងឬស្សី និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ