អគ្គនាយកដ្ឋានរដ្ឋបាល បើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពនៃការផ្តល់សេវារដ្ឋបាល និងបញ្ហាប្រឈមនានា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
November 15, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពនៃការផ្តល់សេវារដ្ឋបាល និងបញ្ហាប្រឈមនានា រួមជាមួយនិងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល នៅទីស្តីការក្រសួង ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានរដ្ឋបាល ប្រធានរដ្ឋបាល ប្រធានការិយាល័យប្រជាពលរដ្ឋ ប្រធានអង្គភាពច្រកចេញចូលតែមួយ គ្រប់រាជធានី-ខេត្ត ព្រមទាំងអង្គភាព និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

      ឯកឧត្តម ប្រាក់ សំអឿន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះបានធ្វើឡើងយោងតាមស្មារតីកិច្ចប្រជុំកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ អគ្គនាយកដ្ឋានរដ្ឋបាល បានសម្រេចឱ្យមានការរៀបចំកិច្ចប្រជុំរៀងរាល់៤ខែម្តង ដើម្បីពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមនៃការផ្តល់សេវារដ្ឋបាលតាមរយៈអង្គភាពច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមរយៈការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត។

      ឯកឧត្តមបន្ថែមថា គោលបំណងសំខាន់នៃកិច្ចប្រជុំនេះបានផ្តោតលើចំណុះសំខាន់ចំនួនពីររួមមាន ៖
១.ពិនិត្យមើលលើវឌ្ឍភាព និងបញ្ហាប្រឈមនៃការអនុវត្តយន្តការច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនឹងរាយការណ៍ដោយនាយកដ្ឋានមុខងារ និងធនធាន
២.ពិភាក្សាទៅលើបញ្ហាប្រឈមនានាដែលពាក់ព័ន្ធនឹងកិច្ចដំណើរការយន្តការទាំងពីរនេះ ដើម្បីរកដំណោះស្រាយសម្រាប់អនុវត្តឱ្យបានរលូន និងមានប្រសិទ្ធភាព។

      ឯកឧត្តមបានគូសបញ្ជាក់បន្តទៀតថា ដោយសង្កេតឃើញថាកិច្ចដំណើរការរបស់អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅតែមានបញ្ហាមួយចំនួនដែលមិនទាន់ដំណើរការបានរលូននៅឡើយដែលក្នុងនោះមានជាអាទិ៍៖
១. រដ្ឋបាលខេត្តមួយចំនួនមិនទាន់យកចិត្តទុកដាក់អនុវត្តគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ឱ្យមានប្រសិទ្ធភាពនៅឡើយ
២. កិច្ចសហការ និងការសម្របសម្រួលរវាងរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗជាមួយមន្ទីរអង្គភាព និងការិយាល័យមួយចំនួននៅមានកម្រិត ដែលធ្វើឱ្យការផ្តល់សេវាមួយចំនួនមានភាពយឺតយ៉ាវ
៣.ប្រភេទសេវាតាមវិស័យជំនាញមួយចំនួននៅមិនទាន់បានផ្ទេរមកដំណើរការនៅអង្គភាពច្រកចេញចូលតែមួយនៅឡើយ
៤. រដ្ឋបាលរាជធានី-ខេត្តមួយចំនួនមិនបានអនុវត្តទៅតាមបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលដែលបានកំណត់
៥. ការគាំទ្ររបស់រដ្ឋបាលរាជធានី- ខេត្តលើការរៀបចំទីកន្លែង និងការចាត់តាំងបុគ្គលិកសម្រាប់បំពេញការងាររបស់ការិយាល័យប្រជាពលរដ្ឋនៅមិនទាន់គ្រប់គ្រាន់ ស្របតាមគោលការណ៍កំណត់។

      ឯកឧត្តម ក៏បានស្នើឱ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់បន្តយកចិត្តទុកដាក់លើការរៀបចំទីកន្លែង ការរៀបចំបុគ្គលិក និងផ្តល់ការគាំទ្រដល់កិច្ចដំណើរការបំពញការងាររបស់យន្តការច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ជាពិសេសផ្តល់អាទិភាពលើកិច្ចដំណើរការយន្តការទាំងពីរ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ