ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរ ច្រកទ្វារព្រំដែនអន្តរជាតិដូង និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
April 09, 2024    អ្នកទស្សនា :

នាវេលាម៉ោង៧ព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើដំំណើរទៅដល់ច្រកទ្វារអន្តរជាតិដូង ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ប្រទេសថៃ ដើម្បីពិនិត្យការធ្វើដំណើរចេញចូល ជាពិសេសទទួលនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរជាពលករដែលធ្វើដំណើរវិលចូលមាតុប្រទេស នាឱកាសត្រៀមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ បេសកកម្មរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី នាឱកាសនោះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមអគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីច្រកទ្វារភាគីថៃ បានឡែម មួយចំនួនទៀតផងដែរ។

លោកឧត្តមសេនីយ៍ត្រី ផាត់ វីរៈ ប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិដូង បានឱ្យដឹងថា ក្រុមមន្ត្រីបានត្រៀមលក្ខណៈផ្ដល់សេវាទទួលដំណើរវិលចូលប្រទេសរបស់ពលរដ្ឋខ្មែរបានយ៉ាងល្អ។ ចំណែកបងប្អូនពលករ ក៏បង្ហាញនូវក្ដីរីករាយចំពោះនីតិវិធីដ៏លឿនរហ័សដែលមន្ត្រីបានបំពេញជូនពួកគាត់ផងដែរ។

បន្ទាប់ពីបញ្ចប់ការសំណេះសំណាលខ្លីជាមួយបងប្អូនប្រជាពលករខ្មែរនៅច្រកទ្វារអន្តរជាតិដូង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តដំណើរក្នុងចំងាយផ្លូវជាង១២០គីឡូម៉ែត្រឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលនៅទីនោះ ក្រុមមន្ត្រីច្រកទ្វារក៏កំពុងមានភាពមមាញឹកក្នុងការផ្ដល់សេវាជូនពលរដ្ឋ ពិសេសពលរដ្ឋជាពលករផងដែរ។ បងប្អូនពលករខ្មែរ បើទោះជាត្រូវបន្តដំណើរចេញពីក្រុងប៉ោយប៉ែតឆ្ពោះទៅកាន់ស្រុកកំណើតតាមបណ្ដាខេត្ត រៀងៗខ្លួនក៏ពិតមែន ប៉ុន្តែពួកគាត់បានបង្ហាញអារម្មណ៍រំភើបរីករាយប្រកបដោយភាពកក់ក្ដៅ រង់ចាំទទួលការសំណេះសំណាលខ្លីជាមួយឯកឧត្តមអភិសន្តិបណ្ឌិត។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជម្រាបជូនបងប្អូនពលករថា ការអនុវត្តនីតិវិធីងាយស្រួលជាងមុនសម្រាប់ដំណើរវិលចូលប្រទេសរបស់បងប្អូន គឺជាការប្រតិបត្តិតាមគោលការណ៍ឯកភាពគ្នាដ៏ខ្ពង់ខ្ពស់រវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្ត្រីនៃប្រទេសថៃ ដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់ការធ្វើដំំណើរចេញ និងចូលរវាងពលរដ្ឋនៃប្រទេសទាំងពីរនាឱកាសបុណ្យចូលឆ្នាំថ្មី។ ឯកឧត្តមអភិសន្តិបណិត ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ផ្នែកដែលប្រចាំការនៅតាមបណ្ដាច្រកទ្វារព្រំដែនចំពោះការខិតខំបំពេញតួនាទីនិងភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរវិលត្រឡប់ចូលប្រទេសដើម្បីអបអរសាទរឆ្នាំថ្មីជាមួយក្រុមគ្រួសារ។ ឯកឧត្តមក៏បានស្នើសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ប្រសិនបើត្រូវចំណាយពេលរង់ចាំទទួលសេវាក្នុងគ្រាដែលមានអ្នកដំំណើរចេញចូលច្រើននេះ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ