សមត្ថកិច្ចជាង១ម៉ឺន នឹងការពារក្នុងកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
March 06, 2020    អ្នកទស្សនា :

      នាទីស្ដីការក្រសួងមហាផ្ទៃ ៖មានសមត្ថកិច្ចគ្រប់ប្រភេទ ជាង១ម៉ឺននាក់ នឹងចុះការពារកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។

      យោងតាមរបាយការណ៍ បង្ហាញក្នុងកិច្ចប្រជុំផែនការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ សម្រាប់កិច្ចប្រជុំអាស៉ី-អឺរ៉ុប នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះ នៃគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ និងឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស។

      របាយការណ៍ដដែល បញ្ជាក់ថា «កម្លាំងចូលរួមប្រតិបត្តិការ ក្នុងកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ មានចំនួនសរុប១២.៧២៦នាក់»។

      ក្នុងនោះគណៈដឹកនាំកិច្ចប្រជុំ បានដាក់ចេញនូវសំណូមពរមួយចំនួន ដោយទាមទារឲ្យប្រើប្រាស់វិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប សំដៅធានាដល់កិច្ចប្រតិបត្តិការការពារកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០។ ពង្រឹងការងារប្រមូល ក្ដាប់ព័ត៌មាន សភាពការណ៍សន្ដិសុខពាក់ព័ន្ធដល់កិច្ចប្រជុំ និងម្ចាស់ការចាត់វិធានការដោះស្រាយ សភាពការណ៍ និងមានផែនការពង្រឹងស្ថានការណ៍សន្ដិសុខទូទាំងប្រទេស។

      សូមរំលឹកថា កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ ត្រូវបានរាជរដ្ឋាភិបាល ប្រកាសជាផ្លូវការធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដោយសម្រេចយកអគារពិពណ៌អន្ដរជាតិថ្មីរបស់ក្រុមហ៊ុន OCIC នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ធ្វើជាទីកន្លែងរៀបចំកិច្ចប្រជុំ និងកំណត់យកថ្ងៃទី១៦-១៧ វិច្ឆិកា ខាងមុខ ជាកាលបរិច្ឆទនៃកិច្ចប្រជុំ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ