សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាសាលាជាតិពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទាន ដំណាក់កាលទី២ របស់ គ.ជ.អ.ប
November 06, 2020    អ្នកទស្សនា :

ទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាសាលាជាតិ ស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០)។

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ នាយករដ្ឋមន្រ្តី សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងថា ការអនុវត្តគោលនយោបាយកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំកន្លងមក សម្រេចបាននូវលទ្ធផលផ្លែផ្កាជាច្រើន ជាពិសេសពាក់ព័ន្ធទៅនឹងការកែសម្រួល និងការពង្រឹងនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលដាក់ឲ្យដំណើរការតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងបរិការណ៍ជាក់ស្ដែង។

សម្ដេចបានបន្តថា សិទ្ធិអំណាចនៃការគ្រប់គ្រង ការចាត់ចែងមុខងារ និងធនធាន ក៏ដូចជាការផ្ដល់សេវាសាធារណៈចាំបាច់នានា ត្រូវបាននឹងកំពុងផ្ទេរពីក្រសួង ស្ថាប័នថ្នាក់ជាតិ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ព្រមជាមួយគ្នានេះ យន្តការទាំងឡាយដែលបានបង្កើតឡើងនៅថ្នាក់ក្រោមជាតិកំពុងដំណើរការប្រកបដោយតម្លាភាព សម្រាប់ការអភិវឌ្ឍន៍មូលដ្ឋាន និងលើកកម្ពស់គុណភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ជាងនេះទៅទៀត សម្ដេចបានផ្ដល់នូវយន្តការណែនាំសម្រាប់ការកែទម្រង់វិមជ្ឈការនេះដូចខាងក្រោម៖

-ទីមួយ៖ ការពង្រឹងការគ្រប់គ្រងកិច្ចដំណើរការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឲ្យកាន់តែស៊ីជម្រៅ ដោយលើកកម្ពស់តួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការផ្ទេរសិទ្ធិអំណាច មុខងារធនធាន ក៏ដូចជាការទទួលខុសត្រូវចាំបាច់នានាផងដែរទៅឲ្យថ្នាក់ក្រោមជាតិ ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋាន និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

-ទីពីរ៖អំពីការពង្រឹងប្រព័ន្ធអភិបាលកិច្ចមូលដ្ឋាន ៖ ១.ការសិក្សា និងការរៀបចំរាជធានីភ្នំពេញឱ្យក្លាយជាក្រុងមេតូ្រប៉ូលីទែន :បច្ចុប្បន្នទីក្រុងភ្នំពេញគឺជារាជធានីភ្នំពេញ គឺជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជារដ្ឋបាលថ្នាក់ក្រោមជាតិដែលមានលក្ខណៈពិសេសប្រៀបធៀបនឹងខេត្ត ឬក្រុងដទៃទៀរបស់កម្ពុជា។

រាជធានីភ្នំពេញជាមជ្ឈមណ្ឌលអាជីវកម្ម ផលិតកម្ម ពាណិជ្ជកម្ម សេវាកម្ម និងសម្រាប់បំពេញការងាររដ្ឋបាលនានាទាំងកម្រិតជាតិ និងអន្តរជាតិយ៉ាងទូលំទូលាយ។ ២.ការរៀបចំរដ្ឋបាលក្រុងស្រុកនានាទៅជារដ្ឋបាលមូលដ្ឋានជួរមុខ: រដ្ឋបាលក្រុង ស្រុកត្រូវពង្រឹងខ្លួនឱ្យ ក្លាយជារដ្ឋបាលមូលដ្ឋានដែលមានតួនាទី និងការទទួលខុសត្រូវក្នុងការផ្តល់សេវាសាធារណៈ ប្រកបដោយ ប្រសិទ្ធភាពជូនប្រជាពលរដ្ឋតាមរយៈការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និតជាមួយរដ្ឋបាលឃុំ សង្កាត់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ៣.ការសិក្សា និងរៀបចំរដ្ឋបាលខេត្តឱ្យមានចរិតលក្ខណៈជារដ្ឋបាលតំបន់:រដ្ឋបាលខេត្តត្រូវបំពេញតួនាទី៣គឺ មុខងារតំណាងឱ្យថ្នាក់ជាតិ ហើយត្រូវអនុវត្តនូវមុខងារនានាដែលរាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្ម, គាំទ្រ តាមដានត្រួតពិនិត្យការបំពេញការងាររដ្ឋបាលមូលដ្ឋាន ការគ្រប់គ្រងទិន្ន័យព័ត៌មាន និងការរៀបចំផែនការអភិវឌ្ឍដែលមានល្ខណៈជាយុទ្ធសាស្ត្ររបស់ខេត្តនីមួយៗ, ៣.ត្រូវអនុវត្តមុខងារក្នុងការគ្រប់គ្រងសេវាសាធារណៈនិងគម្រោងអភិវឌ្ឍធំៗមួយចំនួនដែលមានលក្ខណៈបច្ចេកទេសខ្ពស់ហើយដែលក្រុងស្រុកមិនអាចអនុវត្តបាន។

-ទីបី៖ អំពីការពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ :ដើម្បីពង្រឹងប្រព័ន្ធអភិបាលកិច្ចមូលដ្ឋានប្រកបដោយគុណភាព រដ្ឋបាលក្រុង ស្រុកចាំបាច់ត្រូវមានតួនាទិ និងការទទួលខុសត្រូវក្នុងការផ្តល់សេវាសាធារណៈដោយផ្ទាល់ជូនប្រជាពលរដ្ឋ។

-ទីបួន៖អំពីការផ្ទេរធនធានហិរញ្ញវត្ថុទៅរដ្ឋបាលថ្នាក់ក្រោមជាតិរាជរដ្ឋាភិបាលនឹងគិតគូរពិចារណាអំពីការប្រគល់នូវមូលដ្ឋានពន្ធ និងមិនមែនសារពើពន្ធបន្ថែមទៀតទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីធានាដល់ការលើកកម្ពស់ប្រសិទ្ធភាពនិងការប្រកួតប្រជែងក្នុងការប្រមូលចំណូលទាំងក្នុងក្របខ័ណ្ឌជាចំណូលពីមូលដ្ឋានរបស់ខ្លួន និងសំដៅកាត់បន្ថយនូវការពឹងផ្អែកទាំងស្រុងតែទៅលើការបែងចែកថវិការថ្នាក់ជាតិ។

ទីប្រាំ៖ អំពីការរៀបចំ និងការពង្រឹងប្រព័ន្ធរដ្ឋបាលអេឡិចត្រូនិចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ :ការរៀបចំបង្កើតរដ្ឋបាលអេឡិចត្រូនិច ឬការបង្កើតប្រព័ន្ធអភិបាលកិច្ចអេឡិចត្រូនិចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការពិតជាមានសារ:ប្រយោជន៍សម្រាប់ការប្រើប្រាស់នូវបច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងការអនុវត្តនិតីវីធីបំពេញការងារ ការប្រាស្រ័យទាក់ទងជាមួយស្ថាប័ននានា និងការផ្តល់សេវាសាធារណៈនិងព័ត៌មានជូនប្រជាពលរដ្ឋ។

ជាចុងក្រោយសម្តេចក្រឡាហោម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គសិក្ខាសាលាជាពិសេសការបន្តចូលរួមរៀបចំឯកសារលម្អិតនៃកម្មវិធីជាតិដំណាក់កាលទី២សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សំដៅធានាជំរុញការអនុវត្តការកែទម្រង់ដ៏មានសារ:សំខាន់នេះសម្រេចបានជោគជ័យតាមចក្ខុវិស័យ និងសមិទ្ធផលដែលបានរំពឹងទុកដើម្បីចូលរួមចំណែកក្នុងអភិវឌ្ឍជាតិ ការលើកកម្ពស់សុខាមាលភាព និងជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ