សម្ដេចក្រឡាហោម ស ខេង អញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំលើកទី១២ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម
April 25, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំលើកទី១២ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ជាមួយ ឯកឧត្តម ជិន លីវ ក្វាង ឧបនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅខេត្តតៃនីញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួម កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយស្មារតីមិត្តភាព និងយោគយល់គ្នាទៅវិញ ទៅមក។ ដែលក្នុងនោះ ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់ ក្នុងការបន្តថែរក្សាទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម និយាយដោយឡែក និង រវាងកម្ពុជា-វៀតណាម និយាយរួម។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីនៃប្រទេសទាំងពីរ ក្នុងនោះដែរ មានបណ្តាខេត្តជាប់ព្រំដែន បានសហការរៀបចំសកម្មភាពជាច្រើន ប្រកបដោយអត្ថន័យក្នុងក្របខណ្ឌ “ឆ្នាំមិត្តភាព កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ឆ្នាំ២០២២” រួមចំណែកបង្កើនការយល់ដឹងពីបណ្តាស្រទាប់ប្រជាជននៃប្រទេសទាំងពីរ ពិសេស យុវជនជំនាន់ក្រោយ ចំពោះការថែរក្សា និងពូននូវទំនាក់ទំនងភូមិផងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឋិតថេរ រឹងមាំ យូរអង្វែងរវាងកម្ពុជា-វៀតណាម។ នៅក្នុងសេចក្ដីប្រកាសរួមដដែលបញ្ជាក់ថា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ក្នុងការម្ចាស់ការសហការកសាងក្របខណ្ឌច្បាប់ និងយន្តការកិច្ចសហប្រតិបត្តិការសំដៅបង្កលក្ខណៈ ងាយស្រួលដល់កិច្ចសហប្រតិបត្តិការរបស់បណ្តាខេត្តជាប់ព្រំដែន ស្របទៅនឹងទិសដៅដែលបានដាក់ចេញនៅក្នុងកិច្ចប្រជុំលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម។ ភាគីទាំងពីរបានឯកភាពបន្តជួយឧបត្ថម្ភដល់បណ្តាខេត្តជាប់ព្រំដែនឱ្យបង្កើនកិច្ចសហប្រតិបត្តិការ និងដោះស្រាយឱ្យបានទាន់ពេលវេលានូវបញ្ហានានាដែលបានកើតមានឡើង។

លើសពីនេះទៀត សេចក្ដីប្រកាសព័ត៌មានរួមនេះ ក៏បានបញ្ជាក់អំពីការអបអរសាទរនៃការរៀបចំដោយជោគជ័យនូវពិធីប្រកាសដាក់ឱ្យដំណើរការជាបណ្ដោះអាសន្ន ច្រកទ្វារអន្តរជាតិ តិនណាម (ខេត្តតៃនិញ)-ម៉ឺនជ័យ (ខេត្តព្រៃវែង) កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ និង ពិធីប្រកាសសម្ពោធដាក់ឱ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និងច្រកទ្វារព្រំដែនអន្តរជាតិផ្លូវទឹក វិញ សឿង(អានយ៉ាង)-ក្អមសំណ(កណ្តាល) កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ទន្ទឹមនេះ ភាគីទាំងពីរឯកភាពរួមគ្នាជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារអន្តរជាតិតើនណាម (តៃនីញ)-ម៉ឺនជ័យ(ព្រៃវែង) ដើម្បី ឈានទៅរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការច្រកទ្វារព្រំដែននេះ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម)ឱ្យបានឆាប់។ ជាមួយគ្នានោះ ភាគីទាំងពីរក៏បានឯកភាពពិភាក្សាលទ្ធភាពដាក់ឱ្យដំណើរការច្រកទ្វារទ្វេភាគីជីមៀត(មណ្ឌលគីរី)-ដាក់រ៉េ(ដាក់ឡាក់)។

ក្នុងសេចក្ដីប្រកាសក៏បានឱ្យដឹងដែរថា ភាគីទាំងពីរបានអបអរសាទរនូវពិធីផ្លាស់ប្ដូរលិខិតតូបករណ៍សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និងពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។ ទន្ទឹមនេះ ភាគីទាំងពីរ បានស្វាគមន៍ចំពោះពិធីផ្លាស់ប្តូរផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាម ខ្នាត ១/២៥.០០០ រវាងគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ ដែលបានធ្វើឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនីញ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ