ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនី បាល់ទះជម្រើសជាតិកម្ពុជា មុនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម
May 03, 2023    អ្នកទស្សនា :

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣នេះ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនី បាល់ទះជម្រើសជាតិកម្ពុជា មុនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍លើកទឹកចិត្តដល់គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនី បាល់ទះជម្រើសជាតិកម្ពុជា ឱ្យខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីដណ្តើមមេដាយជូនប្រទេសជាតិ។ ទន្ទឹមនោះ គ្រូបង្វឹក និងសហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រូវប្រឹងប្រែងស្វែងយល់ពីដៃគូប្រកួត និងការរៀបចំគម្រោងប្រយុទ្ធជាក់ស្តែងលើទីលាន។ ឯកឧត្តម សន្តិបណ្ឌិត បន្តថា កីឡាបាល់ទះ គឺលេងលក្ខណៈជាក្រុម ដូច្នេះហើយទាមទារឱ្យមានការឯកភាព សាមគ្គីគ្នា ជួយគ្នា និងយោគយល់គ្នា ហើយជៀសវាងដាច់ខាតបាក់ស្មារតី ហើយដើម្បីឱ្យក្រុមខ្លាំង និងជោគជ័យយើងត្រូវមានវិន័យ ស្តាប់ការដឹកនាំរបស់គ្រូ និងចេះស្តាប់យោបល់គ្នាទៅវិញទៅមក។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏បានជំរុញឱ្យក្រុមកីឡាករ-កីឡាការិនី ទាំងអស់ប្តេជ្ញាចិត្តប្រយុទ្ធឱ្យអស់ពីកម្លាំងកាយចិត្ត ជាពិសេសការប្តេជ្ញាចិត្តឱ្យអស់ចេញពីបេះដូង ហើយត្រូវចងចាំថា «ជំហាននេះ គឺជាឱកាសមាសរបស់យើង ហើយអាស៊ានទាំងមូលគេមើលយើង ប្រជាពលរដ្ឋ ១៧លាននាក់ គេកំពុងមើលយើង ដូច្នេះយើងតំណាងឱ្យជាតិ ត្រូវពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិ ពលិកម្មគ្រប់បែបយ៉ាងដើម្បីខ្លួនយើង គ្រួសារយើង សង្គមជាតិយើង នេះជារឿងមួយធំណាស់ បើយើងបានជោគជ័យ នោះកេរ្តិ៍ឈ្មោះរបស់យើងល្បីល្បាញធ្វើឱ្យពលរដ្ឋគោរពស្រឡាញ់ ជាពិសេសមោទនភាពរបស់ជាតិយើង»។ ឯកឧត្តម បន្តថា ៦៤ឆ្នាំហើយ ដែលយើងមិនមានលទ្ធភាពធ្វើជាម្ចាស់ផ្ទះ ឥឡូវនេះជាមោទនភាពណាស់របស់ជាតិ របស់រាជរដ្ឋាភិបាល របស់ប្រជាពលរដ្ឋ ហើយដើម្បីធ្វើឱ្យល្អយើងត្រូវស្អាតបាត ញញឹមញញែម រួសរាយរាក់ទាក់ ស្វាហាប់ ក៏ប៉ុន្តែទន់ភ្លន់ ជៀសវាងការធ្វើអាកប្បកិរិយាណាមួយមិនសមរម្យទៅលើគូប្រកួត។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន គូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាមោទនភាព និងក៏ជាកិត្យានុភាពរបស់កម្ពុជាយើង ដែលរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មិនយកមក្រៃលើការលក់សំបុត្រ ការផ្សាយ និងការហូបចុកស្នាក់នៅរបស់ ប្រតិភូ និងក្រុមកីឡាករ ដែលនេះជាលើកទី១ ហើយក៏ជាគំរូផងដែរ។ ឯកឧត្តម ក៏បានក្រើនរំលឹកដល់ ក្រុមកីឡាករ-កីឡាការិនីទាំងអស់ ត្រូវចេះថែរក្សាសុខភាព ទទួលទានឱ្យបានគ្រប់គ្រាន់ និងសម្រាក់ឱ្យបានច្រើន ជាពិសេសខិតខំប្រឹងប្រែងហ្វឹកហាត់ដោយការប្រុងប្រយ័ត្នជៀសវាងនាំឱ្យមានរបួស។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងពិធីជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ កាលពីម្សិលមិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកាដល់គណៈប្រតិភូកីឡារបស់កម្ពុជា ក្នុងម្នាក់ចំនួន ៥០០ដុល្លារ ហើយនៅថ្ងៃនេះ ឯកឧត្តម ក៏បានឧបត្ថម្ភដល់ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី បាល់ទះជម្រើសជាតិកម្ពុជា ក្នុងម្នាក់ទទួលបានថវិកាចំនួន ២០០ដុល្លារបន្ថែមទៀតដើម្បីជាការលើកទឹកចិត្តផងដែរ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ