ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)
May 05, 2023    អ្នកទស្សនា :

នារសៀលថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

នាឱកាសនោះដែរ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានមានប្រសាសន៍ថា ផ្អែកតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យក្រុមការងារបន្តរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលម្អិតបន្ថែមលើការងារដែលនៅសេសសល់ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីឱ្យដំណើរការរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះឆាប់បានឈានដល់ការបញ្ចប់ទាំងស្រុងយ៉ាងឆាប់រហ័ស។

ឯកឧត្តម រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានបន្តថា មកដល់បច្ចុប្បន្ននៅកម្ពុជា ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន)នេះ មានការប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់លើគ្រប់វិស័យ ហើយក្នុងនោះក៏មានការប្រើប្រាស់ក្នុងវិស័យមួយចំនួនបានធ្វើឱ្យប៉ះពាល់ ក៏ដូចជាកំពុងធ្វើឱ្យមានការព្រួយបារម្មណ៍ចំពោះវិស័យសន្តិសុខជាតិផងដែរ។ ឯកឧត្តម បានបញ្ជាក់ថា ជាការពិតណាស់ បើតាមផែនការនៃការគ្រោងទុករបស់រាជរដ្ឋាភិបាល ការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)នេះ ត្រូវបញ្ចប់ និងដាក់ឱ្យអនុវត្តបម្រើដល់ការរៀបចំសន្តិសុខសណ្តាប់ធ្នាប់នៅមុនការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏ប៉ុន្តែតែសេចក្តីព្រាងអនុក្រឹត្យនេះនៅមិនទាន់បានបញ្ចប់នៅឡើយ។

សម្រាប់ជាផែនការបន្ទាប់ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ក្រុមការងារក្រសួងមហាផ្ទៃ បាននឹងកំពុងធ្វើការពិនិត្យ និងពិភាក្សាលើការងារដែលនៅសេសសល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)នេះ ត្រូវបានបញ្ចប់នៅមុនព្រឹត្តិការណ៍នៃរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ។

ទន្ទឹមនោះដែរ ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលបានរៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)នេះឡើង និងបានរៀបចំដំណើរការកិច្ចប្រជុំពិភាក្សា ពិនិត្យ និងពិគ្រោះយោបល់ផ្តល់ធាតុចូលជាច្រើនលើកច្រើនសារនាពេលកន្លងមក។

ឯកឧត្តម ក៏បានបន្តថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សូមឯកភាពចំពោះក្រសួងមហាផ្ទៃ ដែលបានជំរុញឱ្យការរៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យស្តីពីអាកាសយានគ្មានមនុស្សបើក (ដ្រូន) នេះឱ្យបានចប់មុនពេលព្រឹត្តិការណ៍បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខដើម្បីសម្រាប់បម្រើដល់ការរៀបចំវិស័យសន្តិសុខ សណ្តាប់ធ្នាប់ជាតិ ឱ្យបានល្អប្រសើរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ