សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង
May 07, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកថ្មគោល ដែលបានខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យក្រុងបាត់ដំបងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងរួមចំណែកឱ្យសម្រេចបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

សម្ដេចក្រឡាហោម ស ខេង ក៏បានសម្ដែងការដឹងគុណ និងអរគុណចំពោះអតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់ក្នុងស្រុកថ្មគោល ដែលបានតស៊ូ លះបង់ ធ្វើពលីកម្មយ៉ាងលំបាកលំបិន នាំមកនូវសន្តិភាព ស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គម ដូចសព្វថ្ងៃ យើងទាំងអស់គ្នាដែលជាអ្នកជំនាន់ក្រោយបានកត់ត្រា និងចងចាំជានិច្ចនូវស្នាដៃ និងគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តន៍ជនគ្រប់ជំនាន់ផងដែរ។

បន្ថែមពីនេះ សម្ដចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មគោលគ្រប់ថ្នាក់ ដែលបានផ្ដល់ការគាំទ្រគ្រប់បែបយ៉ាងទាំងធនធាន និងស្មារតី ធ្វើឱ្យរដ្ឋបាលស្រុកថ្មគោល និងឃុំ សង្កាត់ ទូទាំងស្រុក កាន់តែមានលទ្ធភាពក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ពិសេសការផ្ដល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ។

ជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់អំពីសមិទ្ធផលរយៈពេល ៥ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ និងមានជំនឿថា អង្គពិធីទាំងមូលពិតជាបានតាមដាននូវដំណើរការវិវត្តន៍ប្រែប្រួលនៃសង្គមជាតិ ការប្រែប្រួលដ៏ស្មុគស្មាញនៃស្ថានការណ៍តំបន់ និងពិភពលោក ជាពិសេសផលវិបាកបង្កឡើងដោយសង្គ្រាម និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ។

សម្ដេចក្រឡាហោម ស ខេង បានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី កម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងវិធានការនានាដោយមានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងនោះរួមទាំងក្នុងស្រុកថ្មគោលផងដែរ។ សម្ដេច បានជម្រាបជូនអំពីទិសដៅការងាររួមរបស់រាជរដ្ឋាភិបាល រួមមានទិសដៅការងារឆ្នាំ២០២៣ ទិសដៅរយៈពេល៥ឆ្នាំទៅមុខ។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្ថែមថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ យើងទាំងអស់គ្នាពិតជាមានកិច្ចការនានាជាច្រើនដែលត្រូវអនុវត្ត ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ និងបានបង្ហាញសុទិដ្ឋិនិយមថា ផ្អែកលើសមិទ្ធផលសម្រេចបានកន្លងមក និងដោយមានការគាំទ្រពីប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រទេសជាតិនឹងបន្តអភិវឌ្ឍន៍រីកច្រើនលើគ្រប់វិស័យ ស្របតាមគោលដៅរំពឹងទុកក្នុងរយៈពេល ៥ឆ្នាំ ខាងមុខទៀត៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ