សម្ដេចក្រឡាហោម ស ខេង ផ្ញើសារជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិ 
May 16, 2023    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសារជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំពួកខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ មកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះគឺមានរយៈពេល៧៨ឆ្នាំហើយ ដែលអង្គប្រតិបត្តិច្បាប់មួយត្រូវបានចាប់បដិសន្ធិឡើង និងត្រូវបានប្រសិទ្ធនាមថា«នគរបាលជាតិ»ក្រោមស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបំណងពង្រឹងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ក្នុងឱកាសដ៏មហាវិសេសវិសាល នៃខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្ដ្រនេះ តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនសម្ដេចផ្ទាល់ សូមសម្ដែងនូវមនោសញ្ចាតនារំភើបរីករាយចូលរួមអបអរសាទរ និងជូនពរ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ពិសេសនិវត្តន៍ជននគរបាលជាតិទាំងអស់ ក៏ដូចជាក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ និងសូមរស់នៅប្រកបដោយសុភមង្គល។

សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ឱ្យឃើញថា រយៈពេលពេញមួយឆ្នាំកន្លងទៅនេះ កងកម្លាំងនគរបាលជាតិ សម្រេចបាននូវវឌ្ឍនភាពការងារជាច្រើន ដោយបានសហការប្រកៀកស្មាយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី រក្សាបានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងបានចាត់វិធានការប្រកបដោយប្រសិទ្ធភាព។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង សូមសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះ កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្មផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាគោលការណ៍បទបញ្ជា វិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដោយបានរួមចំណែកយ៉ាងធំធេងធ្វើឱ្យសង្គមកម្ពុជាមានការរីកចម្រើនប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ