ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបើកការប្រកួតកីឡាបាល់ទាត់ «ពានរង្វាន់ក្រសួងមហាផ្ទៃ លើកទី១ ឆ្នាំ២០២៤»
March 01, 2024    អ្នកទស្សនា :

នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ «ពានរង្វាន់ក្រសួងមហាផ្ទៃ លើកទី១ ឆ្នាំ២០២៤» នៅទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិអូឡាំពិក។​

ជាកិច្ចចាប់ផ្ដើមពិធី ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួត បានជម្រាបជូនថ្នាក់ដឹកនាំអំពី ការប្រកួត “ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ” នេះ មានក្រុមចំនួន ១៥ចូលរួមមកពីបណ្ដាក្លឹបអគ្គស្នងការដ្ឋាន ក្លឹបអគ្គលេខាធិការដ្ឋាន ក្លឹបអគ្គនាយកដ្ឋាននានា ចែកចេញជា ៤ពូលក្នុង ១ពូល មាន ៤ក្រុម។

សមាសភាពក្រុមក្នុងពូលទាំង ៤រួមមាន

ពូល ក ៖ ក្លឹបក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ, ក្លឹបសាលាជាតិរដ្ឋបាលមូលដ្ឋាន, ក្លឹបអគ្គនាយដ្ឋានរដ្ឋបាល និង ក្លឹបអគ្គាធិការដ្ឋាន

ពូល ខ ៖ ក្លឹបអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ, ក្លឹបក្រុមប្រឹក្សានីតិកម្ម, ក្លិបខុទ្ទកាល័យឯកឧត្តម អភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ក្លឹបអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ពូល គ ៖ ក្លឹបអគ្គនាយកដ្ឋានពន្ធនាគារ, ក្លឹបបណ្ឌិត្យសភានគរបាលកម្ពុជា, ក្លឹបអគ្គនាយកដ្ឋានឌីជីថល និងផ្សព្វផ្សាយអប់រំ និង ក្លឹបអគ្គនាយកដ្ឋានអន្តោប្រវេសន៍

ពូល ឃ ៖ ក្លឹបអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, ក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ និង ក្លឹបអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ

រូបមន្តប្រកួត គឺក្រុមនីមួយៗនឹងត្រូវជួបគ្នាវិលជុំសន្សំពិន្ទុក្នុងពូល ដើម្បីរកក្រុមលេខ១ និងលេខ២ ឡើងវគ្គ ៨ក្រុមចុងក្រោយ រួចបន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងចុងក្រោយ វគ្គផ្ដាច់ព្រ័ត្រ។

មានប្រសាសន៍ក្នុងពិធីបើក ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងក្ដីសោមនស្សរីករាយ ដែលបានផ្ដួចផ្ដើមគំនិតក្នុងការបង្កើតការប្រកួតពានរង្វាន់នេះលើកដំបូងបំផុត ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដែលគោលបំណងទី១ អនុញ្ញាតឱ្យមន្ត្រីរាជការ កងកម្លាំងនគរបាលជាតិ និងមន្រ្តីពន្ធនាគារ បានចូលរួមប្រកួតប្រជែងក្នុងន័យ បង្កើន និងលើកកម្ពស់សុខភាព ឱ្យមានកម្លាំងមាំមួន ដែលជាស្នូលនៃបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជន ជាពិសេសកាត់បន្ថយភាពអសកម្មមួយចំនួនក្នុងជួរកងកម្លាំងនគរបាលជាតិ ទី២ គឺដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងអន្តរអគ្គនាយក ចំណុះឱ្យក្រសួងមហាផ្ទៃ។ លើសពីនេះទៅទៀត ជាការសម្រិតសម្រាំងរកកីឡាករដែលមានសមត្ថភាពដើម្បីតំណាងក្រសួងមហាផ្ទៃ ក្នុងការប្រកួតពានរង្វាន់អន្តរក្រសួង។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍បន្ថែមទៀតផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជារាជរដ្ឋាភិបាលអាណត្តិមុនៗ ក៏បានយកចិត្តទុកដាក់លើវិស័យកីឡា ដែលក្នុងនោះមានគោលបំណងចម្បងបំផុតគឺលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ផ្ដល់ឱ្យប្រជាពលរដ្ឋនូវក្ដីស្រលាញ់ការលេងកីឡា និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្រលក្ខណៈងាយស្រួល និងលើកទឹកចិត្តដល់អត្តពលិកឆ្នើមដែលទទួលបានជ័យលាភី ជាពិសេសកីឡាបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចទំនាក់ទំនងអន្តរជាតិ និងជាតិ។

ជាចុងបញ្ចប់ ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណដល់គណៈកម្មការរៀបចំការប្រកួត ដែលបានរៀបចំកម្មវិធីបើកយ៉ាងអធិកអធម អមដោយផ្ទាំងទស្សនីយ៍ភាពសិល្បៈកីឡាជាច្រើន និងបានប្រកាសបើកការប្រកួតចាប់ពីពេលនេះតទៅ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ