ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិនារី ក្នុងឱកាសទិវាអន្តរជាតិនារី ០៨ មីនា
March 04, 2024    អ្នកទស្សនា :

នៅព្រឹកថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ និងមន្ត្រីហាត់ការនារីចំណុះអគ្គនាយកដ្ឋាន សរុបចំនួន១៤៥រូប ដើម្បីអបអរសាទរខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ០៨ មីនា ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»។ ពិធីសំណេះសំណាលនេះក៏មានការអញ្ជើញចូលរួមពី៑ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋានជាច្រើនរូបផងដែរ។

លោកជំទាវ ឧត្តមសេនីយ៍ត្រី ឃឹម គង្គាបរមី អគ្គនាយករងទទួលបន្ទុកការងារយេនឌ័រ នៃអគ្គនាយកដ្ឋាន បានធ្វើសេចក្ដីរាយការណ៍ដោយសង្ខេបអំពីលទ្ធផលការងារដែលក្រុមការងារយេនឌ័រសម្រេចបានក្នុងឆ្នាំ២០២៣ និងបានលើកឡើងពីការប្ដេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចបន្ថែមទៀតឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងជាពិសេសកាត់បន្ថយនូវគម្លាតយេនឌ័រនៅក្នុងស្ថាប័នផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនារីគឺជាការំលឹកពីការតស៊ូរបស់ស្ត្រី និងផ្លាស់ប្ដូរផ្នត់គំនិតលើសិទ្ធិស្ត្រី ជាពិសេសជាការទទួលស្គាល់សិទ្ធ និងសមភាពរបស់ស្ត្រីក្នុងសង្គម។ ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែគិតគូរ រៀបចំជាផែនទីបង្ហាញផ្លូវច្បាស់លាស់ និងបានដាក់ចេញជាផែនការយុទ្ធសាស្ត្រ ដោយចាត់ទុកនារីជាឆ្អឹងខ្នងរបស់ប្រទេសជាតិ និងគ្រួសារទាំងមូល ហើយយកចិត្តទុកដាក់លើការលើកកម្ពស់យេនឌ័រ ការលើកកម្ពស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។

ពាក់ព័ន្ធនឹងកិច្ចការងារនេះ ឯកឧត្តម អគ្គនាយក បានលើកឡើងថា អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ កំពុងរៀបចំផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រគោលរបស់ក្រសួងមហាផ្ទៃផងដែរ ហើយអគ្គនាយកដ្ឋានតែងតែយកចិត្តទុកដាក់ ឧបត្ថម្ភ គាំទ្រក្រុមការងារយេនឌ័រ មន្ត្រីនគរបាលជាតិជានារីគ្រប់កាលៈទេសៈ។

បន្ថែមពីនេះ ឯកឧត្តម បានសង្កត់ធ្ងន់ថា ស្រ្តីបានដើរតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងការបំពេញតួនាទី ភារកិច្ចទាំងក្នុងស្ថាប័នការងារ និងទំនួលខុសត្រូវនានាជាច្រើនក្នុងជីវភាពរស់នៅប្រចាំថ្ងៃសម្រាប់សុភមង្គល និងសុខដុមរមនារបស់គ្រួសារ។ ឯកឧត្តម បានបន្ថែមថា ស្ត្រីមានភាពមមាញឹក ទំនួលខុសត្រូវ និងកាតព្វកិច្ចច្រើនទាំងក្នុងស្ថាប័នការងារ និងក្នុងក្រុមគ្រួសារ ដូចនេះ ការយោគយល់ និងអត់ឱនគ្នាគឺជាភាពចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត បានមានប្រសាសន៍ណែនាំមួយចំនួនដល់ក្រុមការងារយេនឌ័ររបស់អគ្គនាយកដ្ឋាន ឱ្យបន្តពន្លឿនរៀបចំផែនការយុទ្ធសាស្ត្រការងារយេនឌ័ររបស់អគ្គនាយកដ្ឋាន តាមដានត្រួតពិនិត្យការងារឱ្យបានទៀងទាត់ និងបន្តការពង្រឹងការងារបណ្ដុះបណ្ដាលមន្ត្រីនគរបាលជាតិជានារី៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ