នារសៀលថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់អគ្គនាយករដ្ឋានអន្តោប្រវេសន៍ និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។ ក្នុងពិធីនេះដែរក៏មានការអញ្ចេីញចូលរួមពីអនុរដ្ឋលេខាធិការ អគ្គស្នងការង អគ្គនាយករង ទីប្រឹក្សា ប្រធាន- អនុប្រធាននាយកដ្ឋាន នាយការិយាល័យចំណុះឲ្យនាយកដ្ឋានទាំង៨ នាយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិទាំងអស់ ប្រធានក្រុមផ្ដល់ទិដ្ឋាការទាំងអស់។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍ ដែលអានដោយលោកឧត្តមសេនីយ៍ទោ ទាង សុឃាង ប្រធាននាយកដ្ឋានរដ្ឋបាលសរុប និងមតិចូលរួមរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ រួចមកឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ធថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានស្នើឲ្យបង្កើនសកម្មភាពត្រួតពិនិត្យការចេញ-ចូល ឆ្លងកាត់ច្រកទ្វារអន្តរជាតិនានា ដើម្បីបង្ការទប់ស្កាត់ការជ្រៀតចូលរបស់មុខសញ្ញាភេរវកម្ម មុខសញ្ញាឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងមុខសញ្ញាល្មើសច្បាប់ផ្សេងៗទៀត។
ឯកឧត្ដម សន្តិបណ្ឌិត បានមានប្រសាសន៍បន្តទៀតថា ការងារអន្តោប្រវេសន៍ គឺជាកិច្ចការដ៏សំខាន់មួយក្នុងចំណោមកិច្ចការសំខាន់ៗដ៏ទៃ ទៀតរបស់ជាតិ និងក្រសួងមហាផ្ទៃ ដែលការងារនេះមានការពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការរក្សាសន្តិសុខជាតិ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរ និងវិនិគិនបរទេសផងដែរ ដែលក្រសួងមហាផ្ទៃមានភារកិច្ចទទួលខុស ត្រូវទាំងស្រុងចំពោះមុខរាជរដ្ឋាភិបាល និងប្រជាជនផងដែរ។
ដូចនេះ ឯកឧត្ដមសន្តិបណ្ឌិត ស្នើឲ្យមានការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងការចេញ ចូលប្រទេសរបស់ជនបរទេសឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពថែមទៀត ទាំងការលើកកម្ពស់សមត្ថភាពគ្រប់គ្រងនៅតាមច្រកទ្វារគ្រប់ប្រភេទ និងការបង្ការ ទប់ស្កាត់មិនឱ្យមានការជ្រៀតចូលខុសច្បាប់ សំដៅធានាឆ្លើយតបបានទាំងសំណូមពរនៃការថែរក្សាសន្តិសុខជាតិ និងស្មារតីអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ ទាំងការអនុវត្តគោលនយោបាយវិនិយោគ និងទេសចរណ៍ជាតិ៕
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍