សម្ដេចក្រឡាហោម ស ខេង ជំរុញមន្រ្តីអត្តសញ្ញាណកម្មទាំងអស់លើកកំពស់ប្រសិទ្ធភាពការងារស្របតាមផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦
February 18, 2019    អ្នកទស្សនា :

     សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានផ្ដល់អាទិភាពជាចម្បងលើកិច្ចខិតខំដោះស្រាយ និងជំរុញការងារអត្តសញ្ញាណកម្មនេះ ឲ្យឈានទៅមុខ ស្របតាមផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីអត្តសញ្ញាណកម្ម ដែលរាជរដ្ឋាភិបាលបានអនុម័តរួច។ សម្ដេចក្រឡាហោម មានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ហៅកាត់ថា គ.ជ.ដ.អ នៅទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ។
     សម្ដេចក្រឡាហោម ស ខេង បន្តថាពីមួយដំណាក់កាលទៅមួយដំណាក់ ការកែទម្រង់ការងារអត្តសញ្ញាណកម្មកាន់តែស្មុគស្មាញ ទាំងផ្នែកក្របខណ្ឌច្បាប់ ផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដូច្នេះក្រសួងបានចាត់ទុកការកំណត់អត្តសញ្ញាណបុគ្គលឲ្យបានច្បាស់លាស់ គឺជាកិច្ចការស្នូលរបស់រាជរដ្ឋាភិបាល ដែលត្រូវខិតខំដោះស្រាយឲ្យបានសមស្របតាមស្ថានភាពជាក់ស្ដែងរបស់កម្ពុជា និងការតព្វកិច្ចអន្តរជាតិ ។ 
     សូមបញ្ជាក់ដែរថា វឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧ ២០២៦ ដែលបានអនុវត្តក្នុងដំណាក់កាលទី១ រួមមាន ការរៀបចំគោលនយោបាយ និងក្របខណ្ឌច្បាប់ បង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ប្រព័ន្ធចុះបញ្ជីស្នាក់នៅ និងប្រព័ន្ធសញ្ជាតិ។ 
     ដោយឡែកការអនុវត្តសាកល្បងច្រកចេញចូលតែមួយ លើសេវាអត្តសញ្ញាណកម្ម នៅសាលាឃុំ សង្កាត់ ក្នុងខេត្តកែប និងខេត្តកំពតវិញ របាយការណ៍បានឲ្យដឹងថាការដាក់ឲ្យដំណើរការសាកល្បង ច្រកចេញចូលតែមួយនូវសេវាអត្តសញ្ញាណកម្ម នៅថ្នាក់ឃុំសង្កាត់គឺជាកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈ ហើយតាមការស្ទង់មតិ ពលរដ្ឋភាគច្រើនបំផុតបានសម្ដែងការពេញចិត្តខ្លាំង បន្ទាប់ពីសេវាទាំងនេះត្រូវបានប្រមូលផ្ដុំនៅកន្លែងតែមួយ និងនៅកៀកពួកគាត់៕គឹមអាន
ប្រភព៖នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ