សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តស្ទឹងត្រែង
February 20, 2019    អ្នកទស្សនា :

        ​នាព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលាខេត្តស្ទឹងត្រែង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្ត ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្ទឹងត្រែង ដោយអមដំណើរថ្នាក់ដឹកនាំរបស់ក្រសួងមហាផ្ទៃជាច្រើនផងដែរ។

      សមាសភាពបានអញ្ជើញចូលរួមមានអ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គលេខាធិការង ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និងអភិបាលខេត្តជាប់ព្រំប្រទល់ជាមួយខេត្តស្ទឹងត្រែង មានក្រចេះ រតនគិរី ព្រះវិហារ និងមណ្ឌលគិរី ព្រមទាំង មេបញ្ជាការរងយោធភូមិភាគ១ មេបញ្ជាការ មេបញ្ជាការរង ស្នងការរង កម្លាំងប្រដាប់អាវុធ ប្រធានសាលាដំបូង ព្រះរាជអាជ្ញារង ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា និងអភិបាល អភិបាលរងក្រុង ស្រុក នាយក នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជាការសាលាខេត្ត នាយក នាយករងរដ្ឋបាលសាលាក្រុង ស្រុក អធិការ មេបញ្ជាការកម្លាំងមានសមត្ថកិច្ច មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ តំណាងអង្គការ NGOs សមាគម ផ្នែកឯកជនក្នុងខេត្ត សរុបចំនួន ៣៩៦នាក់ ស្រី ១០៤នាក់។

     សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ថ្លែងនូវសុន្ទរកថាបិទអង្គសន្និបាត ដែលមានខ្លឹមសារ សំខាន់ៗដូចខាងក្រោម៖
១-សភាពការណ៍នយោបាយនៅកម្ពុជា និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា
២-ការពង្រឹងប្រសិទ្ធភាពការងាររបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ដើម្បីត្រួតពិនិត្យតាមដានការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា
៣-ការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងនៅថ្នាក់រដ្ឋបាលក្រុង ស្រុក ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន។

      ទន្ទឹមនឹងនោះ សម្ដេចក្រឡាហោម  បានមានប្រសាសន៍លើកទឹកចិត្តដល់រដ្ឋបាលខេត្ត និងគ្រប់ផ្នែកពាក់ព័ន្ធអនុវត្តការងារសំខាន់ៗមានការពង្រឹងសន្តិភាព ស្ថិរភាព និងធានាការពារឲ្យបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សង្គម ការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ការគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងតួនាទីភារកិច្ចរបស់មន្ត្រីរាជការ ដើម្បីធានាទប់ស្កាត់បាននូវរាល់ឧបាយកលដែលធ្វើឲ្យកម្ពុជាធ្លាក់ក្នុងសង្គ្រាម។ ថ្នាក់ដឹកនាំមន្ត្រីរាជការត្រូវមានភាពម្ចាស់ការ ដោយមិនត្រូវបាត់ការប្រុងប្រយ័ត្ន ស្ពឹកស្រពន់ ឬឆ្អែតឆ្អន់នឿយ ណាយនឹងការងារ ដោយត្រូវបន្តលើកទឹកចិត្តប្រជាពលរដ្ឋឲ្យចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ទប់ស្កាត់រាល់បទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋាន ពិសេសបញ្ហាគ្រឿង ញៀន យកចិត្តទុកត្រួតពិនិត្យលើទីតាំងសប្បាយ បង្កើនការអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវ គោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ពង្រឹងការគ្រប់គ្រងជនបរទេស និងហត្ថពលកម្មបរទេសដើម្បីក្ដាប់ជាប់នូវស្ថិតិជនបរទេសដែលស្នាក់នៅ និងបម្រើការងារក្នុងខេត្ត លុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យ អណាធិបតេយ្យឲ្យបានជោគជ័យតាមគោលការណ៍ណែនាំ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិក្នុងទូទាំងខេត្ត ដោយបានស្នើដល់មន្ត្រីគ្រប់ត្រូវដកខ្លួនចេញឲ្យឆ្ងាយពីបទល្មើសធនធានធម្មជាតិ។ ប្ដេជ្ញាការពារសន្តិសុខ សន្ដិភាព និងលើកកម្ពស់ការអភិវឌ្ឍ មានកិច្ចសហប្រតិបត្តិការល្អនៅតាមតំបន់ព្រំដែន។ ពង្រឹងរបៀបរបបធ្វើការងារទាំងនៅរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ត្រៀមបង្ការអន្តរាគមន៍គ្រោះរាំងស្ងួត និងពង្រឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ គ្រប់កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានត្រូវសហការឲ្យបានល្អប្រសើរក្នុងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩នេះ៕គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ