ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវ របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិសេសការខិតខំប្រឹងប្រែងដឹកនាំរបស់គណៈកម្មាធិការជាតិទទួលបន្ទុកការងារព្យាបាល និងស្ដារនីតិសម្បទា ដែលមានឯកឧត្ដមរដ្ឋមន្រ្តីក្រសួងសុខាភិបាលជាប្រធាន និងឯកឧត្ដម លោកជំទាវ តំណាងក្រសួង ស្ថាប័ន និងរាជធានី-ខេត្តទាំង២៥ ជាសមាជិក សមាជិកា ធ្វើឱ្យការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងរយៈជាង១ឆ្នាំ ចុងក្រោយនេះ ។
ឯកឧត្តមមានប្រសាសន៍បែបនេះក្នុងសិក្ខាសាលាស្តីពីការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នាទីស្តីការក្រសួងសុខាភិបាល។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា ប្រមុខរាជរដ្ឋាភិបាល តែងតែបានដឹកនាំចង្អុលបង្ហាញគាំទ្រ និងធ្វើសកម្មភាពដោយផ្ទាល់ ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀនជួយកាត់ បន្ថយការលំបាករបស់ជនរងគ្រោះដោយសារគ្រឿងញៀន ទាំងនៅតាមមណ្ឌលបណ្ដោះអាសន្ន និងសហគមន៍មូលដ្ឋាន ដែលបានធ្វើសកម្មភាពដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងការងារទប់ស្កាត់ បង្រ្កាប អប់រំ ព្យាបាលស្ដារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា ជារៀងរាល់ឆ្នាំចំនួនអ្នកញៀនគ្រឿងញៀនដែលទទួលការព្យាបាលមានចំនួនកើនឡើងជានិច្ច។ ជាពិសេសក្នុងឆ្នាំ២០១៨ មានការកើនឡើងនៃអ្នកញៀនគ្រឿងញៀនដែលមកទទួលការព្យាបាលនៅតាមសេវាសុខាភិបាលសាធារណៈ មានការកើនឡើងប្រមាណ ៧០% បើប្រៀបធៀបនឹងឆ្នាំ២០១៧ រីឯចំនួនអ្នកញៀនគ្រឿងញៀនដែលបានទទួលការព្យាបាល និងស្តារនីតិសម្បទាក្នុងមណ្ឌលបណ្តោះអាសន្ន ក៏មានការកើនឡើងផងដែរ។ សមិទ្ធផលនៃការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលនឹងត្រួវបានបង្ហាញនៅក្នុងសិក្ខាសាលានេះ មិនមែនទទួលបានដោយចៃដន្យទេ គឺអាស្រ័យដោយការខិតខំប្រឹងប្រែងរួមគ្នា រវាងស្ថាប័ន អង្គភាពពាក់ព័ន្ធ និងមានការចូលរួមចំណែកគាំទ្រពីសំណាក់ដៃគូ និងប្រទេសជាមិត្តផងដែរ។
សូមបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំសិក្ខាសាលាស្តីពីការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលមានសមាសភាពចូលរួម មកពីគណៈកម្មាធិការ លេខាធិការដ្ឋាន នៃទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក្រុមការងារដឹកនាំត្រួតពិនិត្យ ដើម្បីចុះពង្រឹងការងារពិនិត្យ និងព្យាបាលអ្នកញៀនគ្រឿងញៀន ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធជាច្រើនទាំងជាតិ និងអន្តរជាតិផងដែរ។ អង្គសិក្ខាសាលានេះដែរ ក៏នឹងពិភាក្សាទៅលើចំនុចសំខាន់ៗមួយចំនួនរូមមាន៖
១-ត្រូវធ្វើបច្ចុប្បន្នភាពចំពោះផលប៉ះពាល់គ្រឿងញៀនឲ្យបានច្បាស់លាស់ដើម្បីឲ្យមានទិន្នន័យមួយអាចទទួលស្គាល់បាន
២-ពង្រឹងគុណភាពប្រសិទ្ធភាពនៃសេវាព្យាបាលទាំងមណ្ឌលបណ្តោះអាសន្នរដ្ឋ -ឯកជន និងផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្តតាមមូលដ្ឋានសុខាភិបាលតាមមន្ទីរពេទ្រជាតិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព
៣-រៀបចំយន្តការច្បាស់លាស់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវ: និងបំណិនជិវិតដើម្បីឲ្យអ្នកព្យាបាលរួចមានលទ្ធភាពដើម្បីប្រកបរបរចិញ្ចឹមជិវិត និងចាកផុតពីបញ្ហាគ្រឿងញៀន
៤-កសាងបានយន្តការ និងបែបបទទាំងឡាយក្នុងការធ្វើសមាហរណកម្មអ្នកបានព្យាបាលក្នុងមណ្ឌលបណ្តោះអាសន្នរួចហើយចូលទៅរស់នៅក្នុងគ្រួសារ និងសហគមន៍វិញ និងបែបបទទាំងឡាយចំពោះអ្នកព្យាបាលនៅតាមមណ្ឌលសង្ខេបនៃឃុំ សង្កាត់ និងមន្ទីរពេទ្យពេទ្យបង្អែកនានា ដោយធានាថាអ្នកប៉ះពាល់គ្រឿងញៀនបានជាសះស្បើយ
៥.ពង្រឹងយន្តការ ដើម្បីនាំអ្នកញៀនទៅព្យាបាលទាំងក្នុងមណ្ឌល និងសហគមន៍ ទាំងវិធានការអប់រំ វិធានការរដ្ឋបាល វិធានការច្បាប់ ដើម្បីធានាថាគ្មានអ្នកញៀនណាមួយ មិនបានទៅព្យាបាលនៅតាមមណ្ឌលសុខភាពឡើយ
៦.ពង្រឹងយន្តការពីថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បី ដំណើរការឱ្យមានប្រសិទ្ធភាពពិសេសការបង្កើតគណៈកម្មាធិការទ្រទ្រង់ចំពោះការព្យាបាលដោយសហគមន៍នេះ ដែលមានមណ្ឌលសុខភាពជាស្នូល ដែលកន្លងមកនេះស្ទើតែគ្រប់ខេត្តបានស្នើបង្កើតមណ្ឌលបណ្តោះអាសន្ន ដើម្បីគ្រប់គ្រងព្យាបាល តែឆន្ទៈនេះមិនបានអនុវត្តឱ្យបានគ្រប់គ្រាន់ឡើយ
៧.ពិចារណាឡើងវិញ ដើម្បីបង្កើតទៅជាខ្លឹមសារនៃយន្តការ សមាហរណកម្ម ដ៏ជាក់លាក់មួយដែលបានចែងក្នុងអនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន៕ គឹមអាន
ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន