សម្តេចក្រឡាហោម ស ខេង បានដាក់ចេញនូវអនុសាសន៍ ៥ចំនុចដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តការងារនីតិកម្មអោយកាន់តែមានប្រសិទ្ធភាព
August 13, 2019    អ្នកទស្សនា :

     ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទវេទិកា ស្តីពី មុខងារនីតិកម្ម និងការងារកែទម្រង់របស់រាជរដ្ឋាភិបាល នៅថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩ នាសណ្ឋាគារសុខាភ្នំពេញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានដាក់ចេញនូវអនុសាសន៍៥ ចំនុច ដើម្បីបង្កើនប្រសិទ្ធភាពការងារនីតិកម្មឲ្យកាន់តែទទួលបានលទ្ធផលខ្ពស់ ហើយស្របទៅតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់គូរអនុវត្តដូចខាងក្រោម៖ 


១-គួររៀបចំវេទិកាស្ដីពី មុខងារនីតិកម្ម និងការងារកំណែទម្រង់របស់រដ្ឋាភិបាល នេះជាទៀងទាត់ ដើម្បីឱ្យក្លាយជា អភិក្រមមួយសម្រាប់ការប្រមូលផ្ដុំពុទ្ធិ និងការចែករំលែកបទពិសោធន៍ល្អ ដើម្បីស្វែងរកនូវ ការដោះស្រាយរួមគ្នាលើការងារកំណែទម្រង់ និងការងារនីតិកម្ម
២-ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយ និងលេខាធិការដ្ឋាននៃកំណែទម្រង់ទាំង៤ និងអង្គភាពនីតិកម្មនៃក្រសួងស្ថាប័ននានា ដើម្បីយកលទ្ធផលនៃព្រឹត្តិការណ៍នេះទៅជជែកពិភាក្សារៀបចំយន្តការ និងវិធានការនានា ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាលជាពិសេសការងារកំណែទម្រង់ និងការងារនីតិកម្ម
  ៣-ក្រសួង ស្ថាប័ននីមួយៗត្រូវរៀបចំឲ្យមានយន្តការស្ថាប័នជាក់លាក់ សម្រាប់ទទួលបន្ទុកការងារនីតិកម្ម ដើម្បីចូលរួម និងគាំទ្រដល់ការងារកំណែទម្រង់ស្នូលទាំង៤ និងកំណែទម្រង់តាមវិស័យនីមួយៗ
៤-ដើម្បីធានាបាននូវការចូលរួមយ៉ាងសកម្ម និងការគាំទ្រប្រកបដោយប្រសិទ្ធភាពដល់ការងារកំណែទម្រង់អង្គភាពនីតិកម្មនៃក្រសួង ស្ថាប័ននីមួយៗចាំបាច់ត្រូវពង្រឹងសមត្ថភាពអង្គភាពរបស់ខ្លួន ត្រូវមានរបៀបរបបការងារច្បាស់លាស់ និងមានផែនការសកម្មភាពជាក់លាក់
៥-ក្រសួង ស្ថាប័ន និងអង្គភាពនីតិកម្មនៃក្រសួង ស្ថាប័ននីមួយៗត្រូវបន្តខិតខំពិនិត្យ និងតម្រឹមគោលនយោបាយយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យរបស់ខ្លួន ឲ្យមានសង្គតិភាព និងឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងកំណែទម្រង់ស្នូលទាំង៤ របស់រាជរដ្ឋាភិបាល៕ គឹមអាន
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ