ក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីជាតិខ្មែរវេនទី០៥នេះ នារសៀលថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់ក្រសួងមហាផ្ទៃ បានអញ្ចើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី០៥ នៅវត្តសារាវ័ន្តតេជោ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងពិធីកាន់បិណ្ឌវេនទី០៥នេះ ក៏មានការរៀបចំបូជា ទៀនធូប ផ្កាភ្ញី ចំពោះព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមគ្គផលកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ និងបុព្វបុរសជាតិ ព្រមទាំងមន្ត្រីរាជការ នគរបាល និងយុទ្ធជន យុទ្ធនារីទាំងអស់ ដែលបានពលីមរណៈទៅកាន់បរលោក។
សូមបញ្ជាក់ថា៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីនគរបាលជាតិទាំងអស់ នៃក្រសួងមហាផ្ទៃ នឹងបន្តអញ្ចើញប្រារព្ធពិធីបុណ្យវេនកាន់បិណ្ឌចំនួន២វត្តបន្ថែមទៀត គឺវេនទី០៦ នៅវត្តបុទុមវតី និងវេនទី១០ នៅវត្តមុនីប្រសិទ្ធីវង្ស៕ រតនា
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា