សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់ភាគីពាក់ព័ន្ធបន្តជំរុញដល់ការអភិវឌ្ឍវិស័យពិការភាពឱ្យកាន់តែខ្លាំងក្លា និងមានប្រសិទ្ធភាពខ្ពស់
December 03, 2019    អ្នកទស្សនា :

      សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន ព្រមទាំង អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងពង្រីក វិធានការទប់ស្កាត់ពិការភាពឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងត្រូវបន្តថែរក្សា សន្តិភាព ស្ថេរភាព និងជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពងាយរងគ្រោះក្នុងសង្គម ទប់ស្កាត់អំពើហឹង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ ពង្រឹងប្រព័ន្ធសុខាភិបាល ពង្រឹងនូវសេវាស្តារលទ្ធភាពពលកម្ម ការអប់រំផ្សព្វផ្សាយការបង្ការពិការភាពឱ្យបានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។

      សម្តេចក្រឡាហោមមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបការអនុវត្ត ផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីពិការភាព២០១៤-២០១៨ និងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីពិការភាព ២០១៩-២០២៣ ព្រមទាំងទិវាជនមានពិការភាព លើកទី២១ និងទិវាជនមានពិការភាពអន្ដរជាតិ លើកទី៣៧ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ។

      សម្តេចក្រឡាហោម បានបន្តថា គ្រប់ក្រសួង ស្ថាប័នរដ្ឋ ត្រូវលើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណសម្បត្តិ និងសមត្ថភាពបំពេញមុខងារ តួនាទីទទួលខុសត្រូវក្នុងមុខតំណែង ឱ្យមានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំងការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។

      បន្ថែមលើសពីនេះ សម្តេចក្រឡាហោមក៏បានជំរុញដល់ ក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ដើម្បីជាប្រយោជន៍ដល់សុខុមាលភាពដល់បងប្អូនមានពិការភាព និងត្រូវដឹកនាំ ចាត់ចែង អនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងលិខិតបទដ្ឋានអន្តរជាតិពាក់ព័ន្ធពិការភាពជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ សង្គមស៊ីវិលឱ្យមានសក្តិសិទ្ធភាព ហើយត្រូវធ្វើរបាយការណ៍ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ។ សម្តេចក្រឡាហោម បានបន្តជំរុញ បំផុសដល់អ្នកពាក់ព័ន្ធនានាផងដែរ ឱ្យចូលរួមឧបត្ថម្ភជនមានពិការភាព ព្រមទាំងត្រូវលើកទឹកចិត្តដល់ជនមានពិការភាពដែលប្រកបមុខរបរអាជីវកម្ម សិប្បកម្មជាលក្ខណៈឯកត្តជន ឬគ្រួសារ ឬសមូហភាពរបស់ជនមានពិការភាព តាមរយៈការកាត់បន្ថយពន្ធ ការផ្តល់អាទិភាពផ្សេងៗស្របតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការភាព។

      សម្តេចក្រឡាហោមបានសង្កត់ធ្ងន់ទៀតថា ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធសារព័ត៌មាន សូមបន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវការយកចិត្តទុកដាក់ និងលើកកម្ពស់សុខុមាលភាពជនមានពិការភាពនៅកម្ពុជា ជាពិសេសត្រូវមានការបកប្រែជាភាសាសញ្ញា និងអក្សររត់នៅតាមបណ្តាស្ថានីយទូរទស្សន៍ ដើម្បីសម្រួលដល់ជនមានពិការភាពក្នុងការទទួលបានព័ត៌មាន ផ្សេងៗ៕ គឺមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ