សម្ដេចក្រឡាហោម ស ខេង ជំរុញការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ដើម្បីកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ
April 01, 2020    អ្នកទស្សនា :

      សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ដើម្បីជួយកាត់បន្ថយការចង្អៀតណែននៅក្នុងពន្ធនាគារ ក៏ដូចជាការផ្ដល់យុត្តិធម៌ឲ្យបានឆាប់រហ័ស ជូនដល់ប្រជាពលរដ្ឋ។

      ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅទីស្ដីការក្រសួងយុត្តិធម៌ នារសៀល ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា  គ្រប់ភាគីពាក់ព័ន្ធត្រូវបន្ដអនុវត្តនូវយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដោយផ្ដោតសំខាន់លើការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ និងការលើកកម្ពស់សេវាយុត្តិធម៌ ដោយបង្កើនប្រសិទ្ធភាព មន្ដ្រីអនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌នៅក្នុងសង្គមផងដែរ។

      សម្ដេចក្រឡាហោម បន្ដថា ការពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យយុត្តិធម៌ គឺតាមរយៈការពង្រឹងវិន័យ និងការបំពេញវិជ្ជាជីវៈរបស់មន្ដ្រីតុលាការ ព្រមទាំងការលើកកម្ពស់ការផ្ដល់សេវាយុត្តិធម៌នៅតាមសាលាជម្រះក្ដី ប្រកបដោយតម្លាភាពធានាបាននូវយុត្តិធម៌តាមផ្លូវច្បាប់។

      ប្រសាសន៍សម្តេច «ជំរុញការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ដើម្បីជួយកាត់បន្ថយការចង្អៀតណែននៅក្នុងពន្ធនាគារ ក៏ដូចជា ការផ្ដល់យុត្តិធម៌ឲ្យបានឆាប់រហ័សជូនដល់ប្រជាពលរដ្ឋ។ តាមការគ្រោងទុក ក្រសួងយុត្តិធម៌នឹងបើកយុទ្ធនាការមួយ ដើម្បីដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្ដី នាពេលឆាប់ៗខាងមុខនេះ»។

      សម្ដេចក្រឡាហោម បន្ថែមថា ក្រសួងយុត្តិធម៌ ត្រូវពង្រឹង និងលើកកម្ពស់កម្មវិធីជំនួយផ្នែកច្បាប់ និងយន្ដការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈការរៀបចំក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌច្បាប់ ព្រមទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីបម្រើឲ្យយន្ដការនេះ ក្នុងគោលដៅកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ ព្រមទាំងពង្រឹងសុខដុមរមនីយកម្មនៅក្នុងសហគមន៍មូលដ្ឋាន៕

ដោយ៖​ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ