សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធមហាប្រល័យ
April 02, 2020    អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធមហាប្រល័យ នៅទីស្តីក្រសួងមហាផ្ទៃ។ 

      កិច្ចប្រជុំនេះក៏មានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា មន្រ្តីជំនាញផ្នែកច្បាប់ ប្រធាន អនុប្រធាន សមាជិកនៃក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ព្រមទាំងអង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។

      មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងកោតសរសើរចំពោះក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ដែលបានខិតខំសិក្សាស្រាវជ្រាវចងក្រងធាតុចូលនានារហូតសម្រេចបានជាសេចក្តីព្រាងមួយដ៏ឥតខ្ចោះ ដែលដឹកនាំដោយ ឯកឧត្តម ងី ច័ន្រ្ទផល។ សម្តេចក្រឡាហោម បានមានប្រសាសន៍បន្តថា កិច្ចប្រជុំនាពេលនេះគឺដើម្បីឆ្លងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធមហាប្រល័យ ហើយសម្តេច ក៏បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះគឺមានគោលបំណងនឹងបញ្ចប់នៅមុនខែឧសភា ឆ្នាំ២០២០ឆាប់ៗខាងមុខ។

      ក្នុងឱកាសនោះផងដែរ ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធមហាប្រល័យ ក៏បានធ្វើសេចក្តីរាយការណ៍ពីសាវតានៃការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះថា ប្រទេសកម្ពុជាបានចូលជាសមាជិកនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វីក ចាប់តាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៤ ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ហើយក្នុងនេះប្រទេសកម្ពុជា ត្រូវអនុវត្តតាមអនុសាសន៍របស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ដែលទាក់ទងទៅនឹងការតាមដាន និងលុបបំបាត់ការសម្អាតប្រាក់ ក៏ដូចជាការប្រឆាំងហិរញ្ញប្បទានភេរវកម្មនៅតំបន់អាស៊ីប៉ាស៊ីហ្វីកផងដែរ។

      ឯកឧត្តម បានបន្ថែមថា នៅឆ្នាំ២០១០ កម្ពុជាក៏ទទួលបានអនុសាសន៍ពីក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force-FATE)ថា កម្ពុជានៅមានចំណុចខ្វះខាតជាយុទ្ធសាស្រ្តមួយចំនួនលើការងារការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលមិនទាន់បានស្របតាមស្តង់ដារអន្តរជាតិ និងបានផ្តល់អនុសាសន៍ឱ្យរាជរដ្ឋាភិបាលកម្ពុជា គួរមានការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តិ ដើម្បីអនុវត្តការដាក់ទណ្ឌកម្មហិរញ្ញវត្ថុគោលដៅ ប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធ ក៏ដូចជាក្នុងការអនុវត្តវិធានការនានា។

      ជាងនេះទៀត ឯកឧត្តម បានបញ្ជាក់ថា តាមរយៈអនុសាសន៍ទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកមកសិក្សាពិចារណា និងបានសម្រេចបង្កើតគណៈកម្មការក្រុមការងាររៀបចំតាក់តែងបង្កើតច្បាប់ថ្មី គឺស្តីពីការប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធមហាប្រល័យ ដើម្បីឱ្យសមស្របតាមគោលការណ៍អនុវត្តយុទ្ធសាស្រ្តរបស់ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វីក លើការងារការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនេះ។

      សូមជម្រាបថា ច្បាប់នេះមានគោលបំណងធានាការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងមានគោលដៅកំណត់វិធានការ បង្ការ ទប់ស្កាត់ បង្រ្កាប និងលុបបំបាត់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ លើសពីនេះទៀត ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះរាល់សកម្មភាពហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ