សម្ដេចក្រឡាហោម ស ខេង ផ្ញើសារជូនពរ សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ក្នុងឱកាសខួបកំណើតគម្រប់ ៨៦ឆ្នាំ ឈានចូល ៨៧ឆ្នាំ
May 22, 2020    អ្នកទស្សនា :

      នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារជូនពរ សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា នាឱកាសខួបកំណើតគម្រប់ ៨៦ឆ្នាំ ឈានចូល ៨៧ឆ្នាំ។

     នាឱកាសដ៏នក្ខត្តឬក្ស ប្រកបដោយសិរីមង្គមថ្លៃថ្លានៃទិវាខួបកំណើតគម្រប់ ៨៦ឆ្នាំ ឈានចូល ៨៧ឆ្នាំ របស់សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង តាងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ សូមសម្ដែងនូវក្ដីអំណរសាទរឥតឧបមា និងសូមចូលរួមគោរពជូននូវសព្ទសាធុការពរជ័យ បវរមហាប្រសើរ គ្រប់ប្រការជូនចំពោះ សម្ដេចប្រធានរដ្ឋសភា។

      ជាងនេះទៀត សម្តេចក្រឡាហោម ស ខេង ក៏បានចូលរួមសម្ដែងនូវការគោរពដ៏ស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយគំរូវីរភាពដ៏អង់អាចមុះមុតរបស់សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ដែលតែងយកអស់កម្លាំងកាយ ប្រាជ្ញាស្មារតី និងបទពិសោធន៍ដ៏ប៉ិនប្រសប់ ដើម្បីដឹកនាំស្ថាប័នរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកសាងសមិទ្ធផលសង្គមបានជោគជ័យដ៏ត្រចះត្រចង់ជាបន្ដបន្ទាប់ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា។

      ទន្ទឹមនឹងនេះស្ថាប័នរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាពញាចក្រី ក្នុងរយៈពេលកន្លងមក បានដើរតួនាទីជាឆ្អឹងខ្នងដ៏រឹងមាំក្នុងការពង្រឹង លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា រួមចំណែកក្នុងការធានាដល់ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ស្របតាមគោលការណ៍លទ្ធិប្រជាធិតេយ្យសេរីពហុបក្ស។

      ក្នុងឱកាសប្រកបដោយសិរីមង្គល ឧត្តុង្គឧត្តមនេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ដ្រីរាជការស៊ីវិល និងនគរបាល នៃក្រសួងមហាផ្ទៃ សូមបួងសួងដល់គុណបុណ្យព្រះរតន ត្រ័យ វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោកមានទេវតាឆ្នាំថ្មីព្រះនាម គោរាគទេវី សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូន ចំពោះ សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចធម្មវិសុទ្ធវង្សា ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ