នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមបច្ចេកទេសអន្ដរក្រសួងរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មី ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា កិច្ចប្រជុំសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា នឹងកំណត់យកថ្ងៃអង្គារ៍ ក្នុងសប្ដាហ៍នីមួយៗ ដើម្បីប្រជុំ និងពិភាក្សាពិនិត្យលើសេចក្ដីព្រាងច្បាប់នេះ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចំណាយពេលវេលាមកចូលរួមកិច្ចប្រជុំដើម្បីធ្វើយ៉ាងណាឲ្យសេចក្ដីព្រាងច្បាប់នេះបានបញ្ចប់ក្នុងរយៈពេលខ្លីខាងមុខ។
សូមជម្រាបថា សេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងគ្រប់ គ្រងជនបរទេសគ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់អំពីវិធាន និងលក្ខខណ្ឌសម្រាប់អនុវត្តចំពោះជនបរទេសដែល ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាងនេះទៅទៀត ច្បាប់នេះត្រូវអនុវត្តចំពោះជនបរទេសគ្រប់រូបដែល ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែក្នុងករណីដែលត្រូវអនុវត្តតាមវិធាននៃច្បាប់អន្ដរជាតិដែល ព្រះរាជាណាចក្រកម្ពុជាជាភាគីហត្ថលេខី ទោះបីជាជននោះបានចូលមកតាំងលំនៅមុនពេលដែលលច្បាប់ នេះចូលជាធរមានហើយក៏ដោយ។
សូមបញ្ជាក់ថា មុនពេលក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជានេះ ក្រសួងមហាផ្ទៃបានប្រជុំផ្ទៃក្នុងជាច្រើនលើក ទើបក្រសួងឈានបើកកិច្ចប្រជុំអន្ដរក្រសួងនាថ្ងៃនេះ។ ខណៈកិច្ចប្រជុំនាពេលព្រឹកនេះ គឺជាកិច្ចប្រជុំអន្ដរក្រសួង លើកទី២ ហើយពិភាក្សាលើជំពូកទី១ នៅមាត្រាទី១ និងមាត្រាទី២ ជាពិសេស សេចក្ដីព្រាងច្បាប់នេះ មានចំនួន៩ជំពូក និងចំនួន៥០មាត្រា៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា