សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុ
March 31, 2023    អ្នកទស្សនា :

នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ, ប្រធានក្រុមប្រឹក្សាខេត្ត-អភិបាលខេត្តព្រះសីហនុ, មន្ទីរអង្គភាពជុំវិញខេត្ត, អភិបាលក្រុង-ស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងពិធីនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីសមិទ្ធផលសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ គោរពជូនសម្ដេចក្រឡាហោម ស ខេង អង្គសន្និបាតទាំងមូលថា អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសហការជាមួយក្រុមការងារចម្រុះ ថ្នាក់ជាតិ ធ្វើការដឹកនាំកិច្ចប្រជុំចាត់វិធានការអនុវត្តនៅខេត្តព្រះសីហនុ សម្រេចបានលទ្ធផល ដូចជា៖ គិតចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវស្វែងរកជនបរទេស ដែលបានប្តឹងចូលប្រព័ន្ធមជ្ឈមណ្ឌលប្រចាំបញ្ជាអគ្គស្នងការដ្ឋាននគរបាលជាតិ (Hotline១១៧), ផេកហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម គួច ចំរើន , Hotline របស់ស្នងការដ្ឋាននគរបាលខេត្ត, សំណើរបស់ស្ថានទូត ឬស្ថានកុងស៊ុល ស្នើសុំឱ្យជួយសង្គ្រោះបានសរុបចំនួន ១៣៥ករណី, ស្វែងរកឃើញតាមបណ្តឹងសរុបចំនួន ៦០៦នាក់ ស្រី ១០០នាក់ ស្មើ ១២សញ្ជាតិ។

ចំពោះបញ្ហាល្បែងស៊ីវិញ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បានចំនួន ២៩ករណី ឃាត់ខ្លួន ១៣៧នាក់ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ១៥នាក់ ទៅសាលាដំបូងខេត្ត ធ្វើកិច្ចសន្យាអប់រំចំនួន ១២២នាក់។

លើសពីនេះ ឯកឧត្តម អភិបាលខេត្ត បេ្តជ្ញារួមគ្នាបន្តថែរក្សា ការពារឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គម ខិតខំរួមគ្នារៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីខែ្មរ ឆ្នាំថោះ ឱ្យប្រព្រឹត្តិទៅដោយរលូន និងសប្បាយរីករាយ ចូលរួមរក្សាសុវត្ថិភាពឱ្យបានទាំងស្រុង ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំការងារទេសចរណ៍លើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះ រៀបចំកីឡា ៣ប្រភេទរួមមាន កីឡាទូកក្តោង កីឡាម៉ូតូទឹក និងកីឡាបាល់ទះលើឆ្នេរខ្សាច់។ ជាពិសេសធានាឱ្យការបោះឆ្នោតជាតិលើកទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរដល់រដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ដែលបានខិតខំរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ច សម្រេចបានសមិទ្ធផលនានាជាច្រើនក្នុងឆ្នាំ២០២២កន្លងមកនេះ ដែលបានរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងខិតខំថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គម, ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យកាន់តែរឹងមាំប្រកបដោយចីរភាព និងបរិយាប័ន្ន។

សម្ដេចក្រឡាហោម បន្តថា ទន្ទឹមនឹងសមិទ្ធផលសម្រេចបានខាងលើ សម្តេចក៏បានកត់សម្គាល់អំពីបញ្ហាប្រឈមនានាដែលនៅសេសសល់ រួមទាំងកិច្ចការសំខាន់ៗនានាជាច្រើន ដែលត្រូវបន្តខិតខំរួមគ្នាពុះពារអនុវត្តឱ្យបានល្អក្នុងឆ្នាំ២០២៣ នេះ ពិសេសការធានារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យប្រព្រឹត្តទៅប្រកបដោយ លក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព រួមទាំងការធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឱ្យទទួលបានជោគជ័យ និងមានសុវត្ថិភាព។

ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម បានណែនាំនូវកិច្ចការសំខាន់ៗដែលរដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ត្រូវខិតខំរួមគ្នាសម្រេចឱ្យបានក្នុងឆ្នាំ២០២៣ ពិសេស ត្រូវបន្តខិតខំរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។

លើសពីនេះទៀត សម្ដេចក្រឡាហោម បានណែនាំដល់រដ្ឋបាលខេត្តព្រះសីហនុ ឱ្យបង្កើនការថែរក្សាពង្រឹងសន្តិសុខជាតិ ដោយត្រូវសហការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ បទល្មើសបច្ចេកវិទ្យា និងបទល្មើសមិនប្រពៃណីនានា (Non- Traditional Crime) ដែលកំពុងមានការវិវត្តប្រែប្រួលកាន់តែស្មុគស្មាញ។

ក្រៅពីនេះ សម្ដេចក្រឡាហោម បន្តថា ចំពោះអំពើជួញដូរមនុស្ស ត្រូវបានកំណត់យកខេត្តព្រះសីហនុ ជាគោលដៅនៃការស្រាវជ្រាវ លើពាក្យបណ្តឹងនានាដែលអះអាងថា មានការជួញដូរមនុស្ស ឬការកេងប្រវ័ញ្ចកម្លាំងពលកម្ម ដែលអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច បានរកឃើញមុខសញ្ញាពាក់ព័ន្ធពាក្យបណ្តឹងទាំងនោះ ភាគច្រើននៅតាមទីតាំង ល្បែងភ្នាល់អនឡាញខុសច្បាប់នានា។

សម្ដេចក្រឡាហោម បានណែនាំបន្ថែមដល់អាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តព្រះសីហនុ ត្រូវបន្តអនុវត្តឱ្យកាន់តែសកម្មថែមទៀតនូវយុទ្ធនានា, បង្កើនការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់, ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងល្បែង ភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់ និងល្បែងស៊ីសងនៅតាមមូលដ្ឋាន ព្រមទាំងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ដោយត្រូវសហការអនុវត្តការងារទាំងនេះឱ្យប្រកបដោយតម្លាភាព គណនេយ្យភាព និងមានការទទួលខុសត្រូវខ្ពស់ សំដៅរក្សាសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពក្នុងសង្គមឱ្យបានល្អប្រសើរ, ពង្រឹងកិច្ចសហការគ្រប់គ្រងការចេញចូល និងសន្តិសុខតាមលំហសមុទ្រក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងខិតខំជំរុញការអនុវតគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាពផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ