សម្តេចក្រឡាហោម ស ខេង បានអនុញ្ញាតឲ្យ ឯកឧត្តម Ivo SIEBER ឯកអគ្គរដ្ឋទូតស្វីស ប្រចាំកម្ពុជាចូលជួបពិភាក្សាការងារ
May 18, 2018    អ្នកទស្សនា :

ព្រឹកថ្ងៃសុក្រ ០៤កើត ខែជេស្ឋ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨  នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ ឯកឧត្តម Ivo SIEBER ឯកអគ្គរដ្ឋទូតស្វីស ប្រចាំកម្ពុជា ព្រមទាំងសហការី ចូលជួបពិភាក្សាការងារ។

ក្នុងជំនួបនេះ ឯកឧត្តម Ivo SIEBER បានជម្រាបជូនសម្តេចថា រដ្ឋាភិបាលស្វីសនៅតែបន្តចូលរួមចំណែកក្នុងការជួយអភិវឌ្ឈនដល់ប្រទេសកម្ពុជា ហើយស្វីសក៏នៅតែបន្តយុទ្ធសាស្ត្រអភិវឌ្ឈនលើពហុវិស័យផ្សេងៗទៀតដល់កម្ពុជា ដែលក្នុងនោះមានការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ការងារពង្រឹងអភិបាលកិច្ចមូលដ្ឋាន វិស័យកសិកម្ម និងអភិបាលកិច្ចល្អ។​ ក្នុងនោះដែរ ក៏និងជួយរួមចំណែកធ្វើជាដៃគូ ដើម្បីធ្វើយ៉ាងណា ពង្រឹងដល់ការអភិវឌ្ឈន៍ និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តម បានបន្តទៀតថា រដ្ឋាភិបាលស្វីសមានទស្សនវិស័យ និងការទំនាក់ទំនងជាយុទ្ធសាស្ត្រវែងឆ្ងាយជាមួយរដ្ឋាភិបាលកម្ពុជា ហើយកិច្ចការនេះជួយដល់កម្ពុជា ដើម្បីឲ្យស្របទៅតាមគោលដៅយុទ្ធសាស្ត្រអភិវឌ្ឈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិផងដែរ។

ឯកឧត្តម បានជម្រាបជូនសម្តេចក្រឡាហោម ទៀតថា ភាគីស្វីសនឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តរកការឯកភាពគ្នា និងការគាំទ្រទៅដល់កំណែទម្រង់ថ្នាក់ក្រោមជាតិនៅកម្ពុជា។ ហើយដំណើរទស្សនកិច្ចនៅពេលនេះ ឯកឧត្តម Ivo SIEBER បានជម្រាបជូន អំពីការដាក់ចេញនូវយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការ ស្វីសជាមួយបណ្តាប្រទេសនៅក្នុងតំបន់ទន្លេមេគង្គ សម្រាប់ឆ្នាំ២០១៨ ដល់២០២១ ដែលក្នុងនោះប្រទេសកម្ពុជាក៏ជាប្រទេសមួយដែលមានសារៈសំខាន់នៅតំបន់ទន្លេមេគង្គនេះ។

ជាការឆ្លើយតប សម្តេចក្រឡាហោម សូមអគុណដល់រដ្ឋាភិបាល និងប្រជាជនស្វីស ដែលតែងជួយគាំទ្រដល់កម្ពុជាកន្លងមក ហើយក្នុងនោះក៏មានការគាំទ្រមកដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលនេះជាការរួមចំណែកមួយដ៏ធំធេង ចំពោះសង្គមកម្ពុជា។

សម្តេចក្រឡាហោម បានមានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រកំណែទម្រង់ចំនួន៣ គឺ៖ទី១ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ទី២ កំណែទម្រង់មុខងារសាធារណៈ និងទី៣ កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្រសួងមហាផ្ទៃកំពុងខិតខំធ្វើនៅពេលនេះ។

ជាចុងបញ្ចប់ សម្តេច បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលស្វីស ក្នុងការជួយគាំទ្រដល់ប្រទេសនៅក្នុងតំបន់ទន្លេមេគង្គ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការក្នុងតំបន់ទន្លេមេគង្គ ជាពិសេសការបន្តគាំទ្រការងារកំណែទម្រង់ និងកិច្ចការលើវិស័យដទៃទៀត ដែលរដ្ឋាភិបាលស្វីស បានជួយ និងបន្តជួយគាំទ្រដល់កម្ពុជា៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ