សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យលោកស្រីRhona Smith អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ចូលជួបពិភាក្សាការងារ
May 08, 2019    អ្នកទស្សនា :

       សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀល ថ្ងៃពុធ ០៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ដោយ ជំនួបពិភាក្សានេះបានលើកអំពីបញ្ហាចំនួន៤ ដែលរួមមាន ទី១-ការអនុវត្តសិទ្ធិ សេរីភាពអង្គការមិន មែន រដ្ឋាភិបាល, ទី-២ការរៀបចំអនុវត្តច្រកចេញចូលតែមួយ, ទី-៣ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទី-៤ការពង្រឹងទំនាក់ទំនងរវាងសង្គមស៊ីវិល និងរាជរដ្ឋាភិបាល។

       ពាក់ព័ន្ធនឹងបញ្ហាទី-១ គឺការអនុវត្តសិទ្ធិសេរីភាពសង្គមស៊ីវិល សម្ដេចក្រឡាហោម ស ខេង បាន​ជំរាប​​​ជូនលោកស្រី Rhona Smith ថា ដើម្បីឲ្យអាជ្ញាធរ និងសង្គមស៊ីវិល កាន់តែយល់គ្នាច្បាស់នោះ រាជ​រដ្ឋាភិបាល បានបង្កើតវេទិការជួបគ្នា២ដងក្នុងមួយឆ្នាំគឺនៅខែមករា និងកក្កដា ដើម្បីឲ្យសង្គម​ស៊ីវិលលើ​កឡើង​ពីក្ដីកង្វល់ផ្សេងៗយកមកពិភាក្សាដោះស្រាយជាមួយគ្នា ធ្វើយ៉ាងណាឲ្យពួកគាត់អាច បំពេញ​ភារ​កិច្ចប្រកបដោយប្រសិទ្ធភាព ហើយអាជ្ញាធរក៏មានលទ្ធភាពអនុវត្តភារកិច្ចស្របតាមច្បាប់កំណត់ផងដែរ។សម្ដេចក្រឡាហោម បានជំរាបបញ្ជាក់ជូនថា អ្វីដែលសំខាន់បំផុតនោះ គឺការជឿជាក់ និងទុកចិត្តគ្នា​ទៅ​វិញ​ទៅមករវាងសង្គមសុីវិល និងអាជ្ញាធរ ដើម្បីផលប្រយោជន៍រួមនោះទាំងអស់គ្នា។ ទី២- សម្រាប់ យន្តការច្រកចេញចូលតែមួយ សម្ដេចក្រឡាហោម បានជំរាបដែរថា ក្រសួងមហាផ្ទៃ បានខិតខំ ពង្រីក ការិយាល័យច្រកចេញចូលតែមួយនេះ បានជាង១០០ការិយាល័យហើយ ជាងនេះទៅទៀត ក្រសួង​ក៏កំពុងខិតខំអនុវត្តតាមពង្រីកទៅតាមតំបន់មិនទាន់មានការិយាល័យ ច្រកចេញ ចូលតែមួយ និង​ពង្រឹង​ការិយាល័យ ដែលមានស្រាប់ ដើម្បីឲ្យគុណភាពនៃការផ្ដល់សេវាសាធារណៈ​កាន់តែមានប្រសិទ្ធ​ភាពខ្ពស់។ដោយឡែកទី-៣ យុទ្ធនាការបង្ក្រាបគ្រឿងញៀន សម្ដេចក្រឡាហោម ស ខេង បានជំរាប​ជូន​ថា រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្ត ព្រមទាំងមានការឃាត់ និងចាប់ខ្លួនអ្នកប្រព្រឹត្តល្មើសផង ដែល​បានបន្ថែមបន្ទុកមួយផ្នែកដល់ភាពចង្អៀតណែននៅតាមពន្ធនាគារ ប៉ុន្តែសម្ដេចបានមាន​ប្រសាសន៍​អំពី​ការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីដោះស្រាយបញ្ហានេះ ដោយរាជរដ្ឋាភិបាលកំពុង​ខិតខំកសាង​បន្ថែមហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ និងមជ្ឈមណ្ឌលស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ ទី៤- លោក​ស្រី Rhona Smith បានស្នើសុំសម្ដេចក្រឡាហោម ស ខេង ជួយជំរុញបន្ថែមដល់យន្តការ​ជួបគ្នារវាងរាជ​រដ្ឋា​ភិបាល និងសង្គមស៊ីវិល ក្នុងការរៀបចំឲ្យបានទៀងទាត់តាមកាលកំណត់ និងផ្ដល់ពេលវេលាឲ្យបាន​សមស្រប ដើម្បីឲ្យសង្គមសុីវិលមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចូលរួមបញ្ចេញមតិយោបល់ផ្សេងៗ ធ្វើឲ្យ​វេទិការនេះទទួលបានលទ្ធផលជាផ្លែផ្កា។ លោកស្រីបន្តថា លោកស្រី ពិតជាមើល ឃើញអំពីសារៈសំខាន់​នៃការអនុវត្តច្រកចេញចូលតែមួយ ដែលយន្តការ នេះវាមានសារៈសំខាន់ក្នុងការចូលរួមអនុវត្តចំណុច​ទី១៦​នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ក្នុងការរួមចំណែកកាត់​បន្ថយ​អំពើ​ពុក​រលួយ និងពង្រឹងតម្លាភាពនៃការផ្ដល់សេវា សាធារណៈជូនប្រជាពលរដ្ឋ៕ មុនីរម្យ

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ